វិភាគៈតើនឹងមានអ្វីកើតឡើងក្រោយការចូលរួមធ្វើនយោបាយឡើងវិញ របស់មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ?

ភ្នំពេញៈអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បម្រាមបានចេញមកសុំសិទ្ធិធ្វើនយោបាយជាបន្តបន្ទាប់ បន្ទាប់ពីអស់សង្ឃឹមថា អតីតគណបក្សគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយក្រោមច្បាប់មិនអាចរស់ឡើងវិញ ទោះជាដោយមធ្យោបាយណា និងការបែកបាក់សាមគ្គីផ្ទៃក្នុងរវាងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិកាន់តែជ្រាលជ្រៅ។ អតីតគណបក្សសង្គ្រោះជាតិ បានបែកជាបំណែកតូចៗ។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបបណ្ឌិត្យសភាកម្ពុជា (រូបឯកសារ)

ក្នុងកិច្ចសម្ភាសជាមួយ AMS លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបបណ្ឌិត្យសភាកម្ពុជាបានបង្ហាញ នូវការយល់ឃើញថា ការសុំនីតិសម្បទានយោបាយឡើងវិញពីសំណាក់លោក ប៉ុល ហំម ដែលមានតួនាទីជាអនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ និងអតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិដទៃទៀត គឺបង្ហាញឲ្យឃើញថាពួក គាត់អស់សង្ឃឹមចំពោះលទ្ធភាពណាមួយដែលពួកគាត់តែងតែនិយាយថា ការចង់ឲ្យរស់ឡើងវិញនៃអតីតគណបក្សសង្គ្រោះជាតិ។ វាជារឿងអស់សង្ឃឹមសម្រាប់ពួកគាត់ គឺជាលទ្ធភាពមួយដែលមិនអាចទៅរួច ពីព្រោះអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយក្រោមច្បាប់ និងមានហេតុផលត្រឹមត្រូវខាងផ្លូវច្បាប់ដែលចាំបាច់ត្រូវរំលាយ។ វាក៏ជាការបង្ហាញឱ្យឃើញថា ការបែកបាក់សាមគ្គីផ្ទៃក្នុង, ឯកភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ មានកម្រិតជ្រាលជ្រៅនៅក្នុងចំណោមនៃថ្នាក់ដឹកនាំរបស់ពួកគាត់។

លោកបន្តថា យើងសង្កេតឃើញថា ជាបន្តបន្ទាប់មកអតីតគណបក្សសង្គ្រោះជាតិ បានបែកជាបំណែកតូចៗ។ ពោលមួយផ្នែកអ្នកគាំទ្រលោក កឹម សុខា ដើរតាមគោលនយោបាយរបស់លោក កឹម សុខា ដែលគេហៅថា ក្រុម កឹម សុខា និយម និងមួយផ្នែកទៀត គឺក្រុមដែលដើរតាមលោក សម រង្ស៊ី ហើយអ្វីៗបន្ទរតាមលោក សម រង្ស៊ី ទោះខុសក៏ដោយត្រូវក៏ដោយ។ ក្រុមនេះអាចចាត់ទុកថា ជាក្រុមសម រង្ស៊ី និយម។ នៅមានក្រុមផ្សេងៗទៀតដែលដើរចេញមុនអតីតគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ និងក្រោយមកទៀតឃើញក្រុមកូនលោក គង់ គាំ ទៅបង្កើតគណបក្សផ្សេងមួយទៀត ដែលលោក គង់ គាំ ខ្លួនឯងធ្វើជាទីប្រឹក្សាឱ្យគណបក្សរបស់កូនគាត់។

លោក គិន ភា បន្ថែមថា យើងឃើញក្រុមអ្នកនយោបាយផ្សេងទៀត ដែលគាត់ទៅបង្កើតគណបក្សរៀងៗខ្លួន ហើយអ្នកខ្លះក៏ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដូចជា លោកស្រី លី ស្រីវីណា និងលោក គង់ បូរ៉ា។ ចុងក្រោយ គឺគណបក្សកែទម្រង់កម្ពុជារបស់លោក អ៊ូ ច័ន្ទរ័ត្ន ហើយព័ត៌មានថ្មីចុងក្រោយនេះ គឺលោក ប៉ុល ហំម អាចទៅជាប្រធាននៃគណបក្សកែទម្រង់កម្ពុជា នេះបង្ហាញពីសញ្ញាបែកបាក់។

លោកបន្តថា ការដើរចេញ ឬការស្នើសុំសិទ្ធិធ្វើនយោបាយរបស់មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ ក៏បង្ហាញការអស់ជំនឿទៅលើការដឹកនាំរបស់លោក សម រង្ស៊ី ដែលតាំងខ្លួនឯងជាប្រធានស្តីទីគណបក្ស ប៉ុន្តែប្រើប្រាស់វេទិកាដើម្បីបំបែកបំបាក់ក្រុមអតីតប្រឆាំង ហើយប្រើប្រាស់នយោបាយយុទ្ធសាស្ត្រដែលនាំឱ្យមានការបែកបាក់ជាតិ, បង្កចលាចលសង្គមជាដើម។ ជារួម ការបាត់បង់ជំនឿទៅលើគោលគំនិតដឹកនាំរបស់ថ្នាក់ដឹកនាំកំពូលនៃអតីតគណបក្សសង្គ្រោះជាតិ។

ការស្នើសុំសិទ្ធិធ្វើនយោបាយរបស់ពួកគាត់ គឺពាក់ព័ន្ធជាមួយលំហរប្រជាធិបតេយ្យ លំហរនយោបាយនៅកម្ពុជាពីព្រោះ អតីតថ្នាក់ដឹកនាំដែលសិទ្ធិសុំនយោបាយទាំងអស់នោះ គាត់យល់បើសិនជាគាត់សុំសិទ្ធិធ្វើបាយវាជាឱកាសល្អជាង ដែលគាត់នៅក្រៅសង្វៀនគាត់មិនអាចជួយអីបានទេ។ លំហរប្រជាធិបតេយ្យ លំហរនយោបាយនៅកម្ពុជា បង្កលក្ខណៈ អនុគ្រោះដល់ពួកគាត់ ដើម្បីចូលប្រឡូកក្នុងសង្វៀននយោបាយឡើងវិញ។

លោកប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបបណ្ឌិត្យសភាកម្ពុជាលើកឡើងទៀតថា អ្វីដែលកត់សម្គាល់ឃើញ យើងសង្ឃឹមថានឹងមានវត្តមានគណបក្សថ្មីៗជាច្រើនទៀត ដែលគណបក្សទាំងអស់នោះមួយចំនួន ជាកម្លាំងជាអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ហើយយើងឃើញភាពរស់រវើកនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពសកម្មឡើង ដោយសារតែអ្នកដែលមានជម្រើសនយោបាយរបស់ខ្លួនដែលពីមុនជ្រកកោនក្រោមគណបក្សសង្គ្រោះជាតិ ឥឡូវនេះពួកគាត់រករូបស្នងនៃព្រលឹងអតីតគណបក្សសង្គ្រោះជាតិបានហើយ។ មិនអាចមានតែព្រលឹងអត់រូបទេ។ បើសិនជាពួកគាត់ទាំងអស់គិតថា អតីតគណបក្សសង្គ្រោះជាតិ ជាគណបក្សខ្លាំងបាត់រូបតែព្រលឹងនៅឥឡូវកសាងរូបខ្លួនឯង តើព្រលឹងអាចចូលខ្លួននៅឬអត់?

លោកបង្ហាញនូវទស្សនៈថា ទី១.បង្ហាញភាពរស់រវើកបន្ថែមទៀតទៅលើដំណើរការលទ្ធិប្រជាធិបតេយ្យក៏ដូចជាលំហរ នយោបាយនៅកម្ពុជា។ ទី២.ក៏ជាការដាក់ឱ្យមានជម្រើសច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងការជ្រើសរើសគណបក្សនយោបាយជាតំណាងរបស់ខ្លួន សម្រាប់ការងារដឹកនាំផ្សេងៗនៅក្នុងសង្គមប្រជាធិបតេយ្យ ពីព្រោះសង្គមប្រជាធិបតេយ្យយើងត្រូវការការចូលរួមជាលក្ខណៈពហុបក្ស ហើយទាមទារឱ្យមានជម្រើសច្រើនហើយជ្រើសនោះគែវាផ្អែកទៅលើការប្រកួតប្រជែងគ្នាជាគោលនយោបាយរបស់គណបក្សសម្រាប់ដឹកនាំប្រទេសជាយុទ្ធសាស្ត្រក្នុងការផ្តល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋសម្រាប់ប្រជាពលរដ្ឋអាចទុកចិត្ត និងទី៣.សកម្មភាពអនុវត្តជាក់ស្តែងសម្រាប់ការដឹកនាំការកសាងអភិវឌ្ឍន៍ប្រទេសជាតិ។ ក៏ជាការវាស់ស្ទង់ដែរ។ ជាការវាស់ស្ទង់នូវកម្លាំងនយោបាយនៃអតីតក្រុមប្រឆាំង ឬក៏ក្រុមប្រឆាំងដែលមាននៅកម្ពុជា ជាមួយកម្លាំងនយោបាយដែលមានរបស់គណបក្សប្រជាជនកម្ពុជាថា តើកម្លាំងនយោបាយបាយនេះអាចនឹងមានការប្រកួតប្រជែងគ្នាហើយនឹងមានតុល្យភាពគ្នាកម្រិតណា? ហើយបើសិនជាការបោះឆ្នោតទៅបែបណានោះ គឺវាបង្ហាញកាន់ តែច្បាស់អំពីភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនជាបើពួកគាត់មិនអាចមានប្រៀបទៅលើគណបក្សប្រជាជនកម្ពុជា គណបក្សប្រជាជកម្ពុជា នៅតែជាជម្រើសរបស់ប្រជាពលរដ្ឋក្នុងការដឹកនាំ។

ជាទស្សនៈរបស់អ្នកបោះឆ្នោតកម្ពុជានៅពេលដែលគេសម្រេចចិត្តក្នុងការបោះឆ្នោតឲ្យគណបក្សណាមួយ គឺ ទី១.គេសម្លឹងទៅលើបុគ្គលអ្នកដឹកនាំបក្ស និងបុគ្គលសំខាន់ៗរបស់អ្នកដឹកនាំនៅក្នុងជួរគណបក្ស។ ទី២.អ្នកបោះឆ្នោតអាចសម្លឹងទៅមើលសកម្មភាពជាក់ស្តែង ការអនុវត្តជាក់ស្តែងទៅលើការដឹកនាំ ការអភិវឌ្ឍន៍ ឬក៏ការការពារជាតិការរំដោះជាតិពីការកាប់ សម្លាប់ផ្សេងៗ គឺជាកត្តាកំណត់មួយទៀតសម្រាប់ជាជាមូលដ្ឋានក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត។ ទី៣.ពាក់ព័ន្ធ កត្តាគោលនយោបាយរបស់គណបក្សដែលអាចឆ្លុះបញ្ចាំងពីការដោះស្រាយបញ្ហាពិតជូនប្រជាពលរដ្ឋ។ ទី៤.យុទ្ធសាស្ត្រក្នុងការឃោសនាវាជាកត្តាកំណត់សំខាន់មួយទៀត ដើម្បីទាក់ទាញការទុកចិត្តពីប្រជាពលរដ្ឋដែលផ្តល់ជោគវាសនាជាតិទៅឱ្យអ្នកនយោបាយកាន់កាប់ដឹកនាំ គឺជាយុទ្ធសាស្ត្រក្នុងការទាក់ទាញ។ ទី៥.ពាក់ព័ន្ធជាមួយធនធានមនុស្សនៃគណបក្សថា តើនៅក្នុងគណពក្សមានធនធានមនុស្សល្អកម្រិតណា? ធ្លាប់មានប្រវត្តិក្នុងការដឹកនាំកម្រិតចំណេះដឹងផ្សេងៗ ជាដើម ជាជម្រើសឬក៏ជាការសម្រិតសម្រាំងធនធានមនុស្សមកធ្វើជាបេក្ខជននៅក្នុងតំណាងរាប់ចាប់ពីតំណាងថ្នាក់ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត គឺធនធានមនុស្សជាកត្តាកំណត់។ បើសិនជាធនធានមនុស្សដែលជាតំណាងរបស់គេធ្លាប់តែជាចោរ ជាអ្នកទាក់សត្វ ឬអ្នកដែលធ្វើការមិនមានការអប់រំ គឺមិនអាចទាញបានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋទេ។ ការរៀបចំមូលដ្ឋានគ្រឹះរបស់គណបក្ស សម្រាប់ចក្ខុវិស័យដឹកនាំយូរអង្វែងដែលធ្វើឱ្យមានការជឿទុកចិត្ត គឺមើលទាំងគោលនយោបាយ ទាំងចក្ខុវិស័យរបស់គណបក្ស គេមើលតាំងពីមូលដ្ឋានធនធានមនុស្ស ហិរញ្ញវត្ថុរបស់គណបក្សសម្ភាររបស់ គណបក្ស ឧទាហរណ៍មានទីស្នាក់ការគណបក្សត្រឹមត្រូវទេ មានរចនាសម្ព័ន្ធរឹងមាំទេ មានវិន័យរឹងមាំទេ។ កត្តាទាំងអស់នេះហើយ គឺជាកត្តាកំណត់សម្រាប់ការសម្រេចការបោះឆ្នោតរបស់ប្រជាពលរដ្ឋ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner