រដ្ឋបាលខេត្តកំពត បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥៦នាក់
រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥៦នាក់ ជាបុគ្គលិកកាស៊ីណូ សុខ គឹមម៉េង ស្ថិតនៅភូមិព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត។ យោងតាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តកំពតបញ្ជាក់ថា ការយកសំណាកនៅថ្ងៃនេះ លើកបុគ្គលិកកាស៊ីណូ សុខ គឹមម៉េង បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥៦នាក់ ក្នុងនោះស្រីចំនួន៣៤នាក់។
ចំពោះករណីខាងលើ អាជ្ញាធរបានរៀបចំដាក់ឱ្យព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩នៃវិទ្យាល័យព្រះបិតាជាតិ និងនៅមជ្ឈមណ្ឌលសុខ គឹមម៉េង។ រដ្ឋបាលខេត្តកំពតក៏បន្តណែនាំឱ្យអ្នកពាក់ព័ន្ធចូលរួមសហការយកសំណាក និងដាក់ខ្លួនថ្វើចត្តឡីស័ក ព្រមទាំងចូលរួមអនុវត្តសេចក្តីណែនាំក្រសួងសុខាភិបាល និងវិធានការ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឲ្យបានខ្ជាប់ខ្ជួន៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕






