ខេត្តរតនគិរី រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ០២នាក់ទៀត ជាអ្នកដំណើរ មកពីរាជធានីភ្នំពេញ
រតនគិរី៖ រដ្ឋបាលខេត្តរតនគិរីបានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់អំពីការរកឃើញអ្នកវិជ្ជាមានកូវីដ-១៩ចំនួន០២នាក់ ដែលជាអ្នកបើកបរដឹកប្រេងនិងអ្នកធ្វើដំណើរមកជាមួយ។
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១នេះ បានឲ្យដឹងថាអ្នកជំងឺកូវីដ-១៩ ទាំង២នាក់ មួយឈ្មោះ រឿង រឹម ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ស្នាក់នៅផ្ទះជួលជាមួយគ្រួសារស្ថិតនៅគីឡូលេខ១០ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងទី២ ឈ្មោះ វុធវិច្ឆិកា ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មានទីលំនៅអចិន្ត្រៃយ៍ ភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរខេត្តព្រៃវែង មុខរបរសិស្ស បញ្ចប់សិក្សាទុតិយភូមិ។
បច្ចុប្បន្ន អាជ្ញាធរបានយកអ្នកវិជ្ជមានកូវីដ-១៩ទៅព្យាបាលនិងដាក់ធ្វើចត្តាឡីស័ក នៅវិទ្យាល័យត្រពាំងក្រហម ស្ថិតនៅភូមិ៣ ឃុំត្រពាំងក្រហមស្រុកកូនមុំ ខេត្តរតនគីរី គិតរហូតមកដល់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២១នេះខេត្តរតនគិរីមានអ្នកឆ្លងកូវីដ-១៩ចំនួន១៣នាក់ តែមិនទាន់មានការឆ្លងដល់ប្រជាពលរដ្ឋក្នុងសហគមន៌នៅឡើយទេ៕ ដោយ គតិ យុត្ត




