រដ្ឋបាលខេត្តសៀមរាប សម្រេចបិទខ្ទប់ការចេញ-ចូលផ្សារក្រឡាញ់
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២១ បានសម្រេចបិទខ្ទប់ការចេញ-ចូល ជាបណ្ដោះ-អាសន្ន ផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីកាលបរិច្ឆេទជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មីឡើងវិញ។ យោងតាមសេចក្តីសម្រេច អាជ្ញាធរខេត្តបានបញ្ជាក់ថា កន្លងមកមានអ្នកវិជ្ជមានកូវីដ-១៩ និងមានទំនាក់ទំនងជាមួយអាជីវករមួយចំនួន។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តខេត្តសៀមរាប បានឲ្យដឹងថានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៨នាក់ និងបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង៨នាក់ នោះ មានអ្នកជំងឺម្នាក់ឈ្មោះ ចាន់ តារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃកប្បាស ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្វើដំណើរមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានមកដល់ទីរួមស្រុកក្រឡាញ់ ព្រមទាំងបានចេញ-ចូល និងមានទំនាក់ទំនងជាមួយអាជីវករមួយចំនួនក្នុងផ្សារក្រឡាញ់ ស្ថិតនៅភូមិកំពង់ថ្កូវ២ ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប៕
