ទោះបីជាប់ដៃទប់ស្កាត់កូវីដ ក៏ដោយតែការងារជួសជុលផ្លូវ ខូចខាតដោយទឹកភ្លៀង នៅតែធ្វើបន្តរហូត

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បើទោះបីស្ថិតក្នុងតំណាក់កាលនៃការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក៏ពិតមែន ប៉ុន្តែការអភិវឌ្ឍក៏នៅតែបន្តធ្វើ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍ ឯដៃម្ខាងទៀតធ្វើការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩។ ជាក់ស្តែងនៅព្រឹកថ្ងៃទី៣១ឧសភានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តធ្វើយ៉ាងសកម្មភាពជួសជុល និងអ៊ុតកៅស៊ូACលើមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន( ផ្លូវ៦០ម៉ែត្រ)ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ។

មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន( ហៅផ្លូវ៦០ម៉ែត្រ) ជាកំណាត់ផ្លូវមួយស្ថិតក្នុងកំណាត់ផ្លូវទាំង២៩ខ្សែ ដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមកនោះហើយផ្លូវនេះក៏ជាផ្លូវទី២៩ផងដែរ មានន័យថា ជាកំណាត់ផ្លូវបញ្ចប់ចុងក្រោយគេ នៃគម្រោងជួសជុលផ្លូវដែលទទួលរងការខូចខាតក្រោយជំនន់ទឹកភ្លៀង។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ឧសភា បាននិងកំពុងធ្វើសកម្មភាពអ៊ុតកៅស៊ូ AC មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាប់ពីផ្លូវលេខ ២៧១ ដល់ផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីសម្រួលចរាចរជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ។

មន្ត្រីដដែលបានបន្តទៀតថា ការជួសជុលអ៊ុតកៅAC លើមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននេះ គឺជាគម្រោងជួសជុលផ្លូវដែលរងការខូចខាតដោយទឹកភ្លៀង របស់ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានបណ្តោយប្រវែង៩១៥០ម៉ែត្រ ទទឺង២១ម៉ែត្រ អ៊ុតកៅស៊ូACកំរាស់៧០មីលីម៉ែត្រ តភ្ជាប់ពីផ្លូវលេខ២៧១ ដល់ផ្លូវជាតិលេខ ២ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ដោយចាប់ផ្តើមអ៊ុតកៅស៊ូកាលពីថ្ងៃទី១៥ វិច្ឆិកាឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅថ្ងៃទី១០ មិថុនា ២០២១ ខាងមុខនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងទៀតថា ក្រោយទឹកជំនន់ទឹកភ្លៀងផ្លូវចំនួន ២៩ខ្សែក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានទទួលរងការខូចខាត។ក្រោមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការដឹកនាំផ្លាល់ពីលោកឃួង ស្រេង ផ្លូវដែលខូចខាតទាំងអស់ ត្រូវជួសជុល កែលំអរឡើងវិញ ហើយគិតមកដល់ពេលនេះបានឈានដល់ទីបញ្ចប់នៃគ្រោងហើយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner