វៀតណាមផ្ញើលិខិតទៅអាមេរិក សុំវ៉ាក់សាំងកូវីដ១៩ថែមទៀត
ប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ្វុក បានសរសេរលិខិតមួយច្បាប់ ផ្ញើទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ដើម្បីស្នើសុំជំនួយជាវ៉ាក់សាំងបង្ការ COVID-19។
ប្រធានាធិបតីវៀតណាមរូបនេះក៏បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសមហាអំណាចលេខ ១ លើលោកមួយនេះ ក្នុងការផ្តល់ថវិកា ៤ពាន់លានដុល្លារ គាំទ្រដល់កម្មវិធីចែកចាយវ៉ាក់សាំង COVID-19 អន្តរជាតិ COVAX ផងដែរ ព្រោះកន្លងមកនេះ វៀតណាម បានទទួលវ៉ាក់សាំងប្រមាណ ២.៥លានដូសរួចមកហើយ ក្រោមយន្តការនេះ។
វៀតណាមកំពុងប្រយុទ្ធតស៊ូនឹងរលកថ្មី នៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ ជាពិសេសគឺនៅក្រោយការរកឃើញវីរុស COVID-19 បំប្លែងថ្មីកាត់ឥណ្ឌា-អង់គ្លេស ជាលើកដំបូង៕