រដ្ឋបាលខេត្តស្វាយរៀង អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ សោម ប៊ុនធឿន ប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់
រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី៣១ឧសភានេះ បានជូនដំណឹងថា ឈ្មោះ សោម ប៊ុនធឿន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិដក់ពរ ឃុំស្វាយធំ ស្រុកស្វាយជ្រំ មុខរបរអ្នកលក់ចាន ឆ្នាំង ឡៃឡុង បានឆ្លងជំងឺកូវីដ-១៩។ អ្នកជំងឺរូបនោះ ធ្លាប់បានទៅបន្ទប់ពិគ្រោះជំងឺ គ្រូពេទ្យ ផេង ហាប់ នៅភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី២៥ឧសភា ឆ្នាំ២០២១មក។
រដ្ឋបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល ត្រូវធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទៅយកវត្ថុវិភាគសំណាកនៅប៉ុស្ដិ៍យកសំណាកដែលនៅជិតផ្ទះ ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។


