អភិបាលរាជធានីភ្នំពេញបដិសេដព័ត៌មានថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ខណៈអាជ្ញាធរកំពុងបន្ដប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលចំពោះព័ត៌មានដែលបានផ្សព្វផ្សាយថា នឹងបិទរាជធានីភ្នំពេញឡើងវិញ ដោយសារជំងឹកូវីដ១៩ បន្ទាប់ពីចំនួនអ្នកឆ្លងជំងឺនេះ ហាក់មានការកើនឡើង។

ឯកឧត្តម ឃួង ស្រេង បានអះអាងថា រហូតមកដល់ពេលនេះ អាជ្ញាធរពាក់ព័ន្ធ រួមជាមួយក្រសួងសុខាភិបាល បាននិងកំពុងបន្ដប្រយុទ្ធប្រឆាំងយ៉ាងសកម្មជាទីបំផុត ជាមួយជំងឺកូវីដ១៩ ដែលកំពុងមានការឆ្លងរីករាលដាល នៅទូទាំងប្រទេសកម្ពុជា។

អភិបាលរាជធានីភ្នំពេញ បានថ្លែងថា «ប៉ុន្មានថ្ងៃនេះមានការចែកចាយព័ត៌មានថា អាជ្ញាធរនឹងបិទរាជធានីភ្នំពេញឡើងវិញ ខ្ញុំសូមជម្រាបជូនថា រហូតមកដល់ពេលនេះ យើងមិនទាន់មានគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញនោះទេ»។

ឯ.ឧ ក៏បានបង្ហាញនូវការសោកស្ដាយចំពោះការចែកចាយព័ត៌មាន ដែលមិនទាន់មានការសម្រេចច្បាស់លាស់ ពាក់ព័ន្ធការបិទរាជធានីភ្នំពេញ ឡើងវិញនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

គួរជម្រាបថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងប្រទេសហាក់មានការកើនឡើងវិញ ខណៈរាជធានីភ្នំពេញ ក៏កើននូវចំនួនអ្នកឆ្លងដូចគ្នានេះដែរ ជាហេតុធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ បានកែសម្រួលវិធានការចំពោះតំបន់មួយចំនួន ដែលត្រូវបានដាក់ជាតំបន់លឿង ទៅជាតំបន់លឿងទុំវិញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner