សម្តេចតេជោ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូល លើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម និងបានផ្តល់ទស្សនទានមួយចំនួន ទៅកាន់កិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ហៅកាត់ថា P4G ដើម្បីដោះស្រាយវិបត្តិបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់ភាពបៃតងពិភពលោកឡើងវិញ (P4G) ដែលរៀបចំឡើងដោយប្រទេសកូរ៉េខាងត្បូង តាមប្រព័ន្ធវិដេអូ នៅយប់ថ្ងៃចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ក្រោមប្រធានបទ «ការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ១៩»។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ឯកឧត្តម មូន ចេអ៉ីន ព្រមទាំងប្រមុខរដ្ឋប្រទេសដទៃទៀតប្រមាណ ៦០រូប និងថ្នាក់ដឹកនាំ នៃអង្គការអន្តរជាតិនានាជាច្រើនផ្សេងទៀត ។
P4G ដែលតំណាងឱ្យដៃគូដើម្បីកំណើនពណ៌បៃតង និងគោលដៅពិភពលោកឆ្នាំ២០៣០ មានគោលបំណងពន្លឿនដំណោះស្រាយលើវិស័យ P4G ធំៗទាំង៥ (ម្ហូបអាហារ ទឹក ថាមពល ទីក្រុង និងសេដ្ឋកិច្ចរាងជារង្វង់)។ P4G គឺជាវេទិកាមួយដ៏មានសារៈសំខាន់ក្នុងការជជែកពីវិបត្តិនៃបម្រែបម្រួលអាកាសធាតុលើពិភពលោក។
ក្នុងកិច្ចប្រជុំនេះ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហាដែលនាំឱ្យមានប្រែប្រួលអាកាសធាតុ និងការដោះស្រាយវិបត្តិបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ ជាពិសេស ការលើកម្ពស់ភាពបៃតងលើពិភពលោក។ មេដឹកនាំប្រទេស និងអង្គការអន្តរជាតិនានា ត្រូវបានផ្តល់កិត្តិយសបង្ហាញនូវទស្សនទាន និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការដោះស្រាយបញ្ហាទាំងនេះ ។
ដូចមេដឹកនាំប្រទេសដទៃទៀតដែរ ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីបារម្ភ និងកិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពបៃតង ដែលជាវិធានការដ៏ចាំបាច់មួយក្នុងការឆ្លើយតបទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ហើយដើម្បីការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានទាមទារឱ្យមានការអនុវត្តលើការងារសំខាន់ចំនួន ៦ចំណុច ដូចខាងក្រោម៖
១- បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់នូវក្របខណ្ឌ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុ។
២- ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ ជាពិសេស លើវិស័យកសិកម្ម, ការអភិវឌ្ឍទីក្រុង, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, សេដ្ឋកិច្ចវិលជុំ (circular economy), សេដ្ឋកិច្ច ឌីជីថល និងថាមពលកកើតឡើងវិញ។
៣- ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable finance) តាមរយៈការបង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាព ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការរៀបចំ និងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតង និងយន្តការភាពជាដៃគូវាងរដ្ឋ និងឯកជន (PPP) ជាដើម។
៤- ដាក់ចេញគោលនយោបាយលើកទឹកចិត្ត ព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់ មុតស្រួចសំខាន់ៗ ដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើគំរូធុរកិច្ចបៃតង ហើយជំរុញវិស័យឯកជន ឱ្យបង្កើនការចាប់អារម្មណ៍លើការវិនិយោគបៃតងទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គម សេដ្ឋកិច្ច (impact investment) និងវិនិយោគពាណិជ្ជកម្ម (commercial investment) ដូចជាក្នុង បច្ចេកវិទ្យាបៃតង និងថាមពលកកើតឡើងវិញ។
៥- ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយផ្តល់សារសំខាន់លើការលើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងការទទួលខុសត្រូវ និងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ និងការវិនិយោគក្នុងគ្រប់វិស័យ តាមរយៈការជំរុញ និងលើកទឹកចិត្ត ការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង។
៦- លើកកម្ពស់លទ្ធភាពកាត់បន្ថយ និងបន្សំ (mitigation and adaptation) ទៅនឹងការប្រែ- ប្រួលអាកាសធាតុ តាមរយៈការអភិរក្សធនធានធម្មជាតិ, ការអភិវឌ្ឍទីក្រុង និងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង តម្រូវការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ៕ ដោយវណ្ណលុក





