រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នា លើកិច្ចសហការ « បច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យអប់រំ » ជាមួយក្រុមហ៊ុនមិត្តហ្វូន គឺជាភាពជោគជ័យថ្មីមួយបន្ថែមទៀត និងក្លាយជាដៃគូរយុទ្ធសាស្ត្រយូរអង្វែងផងដែរ

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯ ឧ ហង់ ជួនណារ៉ុង បានបញ្ជាក់ថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នា លើកិច្ចសហការ « បច្ចេកវិទ្យាព័ត៌មាន ក្នុងវិស័យអប់រំ » ជាមួយក្រុមហ៊ុនមិត្តហ្វូន គឺជាភាពជោគជ័យថ្មីមួួបន្ថែមទៀត និងក្លាយជាដៃគូរយុទ្ធសាស្ត្រយូរអង្វែងផងដែរ ពិធីនេះធ្វើឡើង នៅទីស្តីការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួម ពីមន្ទីរអប់រំ យុវជន និងកីឡា ២៥រាជធានី ចុះ MOU ជាមួយគ្នាតាមរយៈវីដេអូ ខន់ហ្វើរ៉ិនផ្ទាល់ កាលពីម្សិលមិញ ។ 

ឯ ឧ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា កិច្ចសហការនៃកម្មវិធី “ អ៊ីនធើណិតសម្រាប់សាលារៀន” ដែលបានសហការអនុវត្តនាពេលកន្លងមកជាមួយមិត្តហ្វូន ក្នុងការផ្ដល់អ៊ីនធើណិត ឥតគិតថ្លៃដល់គ្រឹះស្ថាន សិក្សាសាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាល គ្រូសាកលវិទ្យាល័យ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទរបស់ក្រសួងអប់រំ ។ ការផ្ដល់អ៊ីនធើណិត និងហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ នៅតាមសាលារៀន គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែង ក្នុងការផ្លាស់ប្ដូរបរិបទការងារ និងការសិក្សាមកប្រព័ន្ធឌីជីថល និងរដ្ឋាភិបាលអេឡិចត្រូនិក (eGovernment) ស្របតាមការវិវត្ត នៃបច្ចេកវិទ្យា និងឧស្សាហកម្មជំនាន់ទី៤ ។

ជាមួយនឹងបេសកកម្ម ក្នុងការរួមចំណែកលើកកម្ពស់គុណភាពអប់រំ នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ដើម្បីពង្រីកការផ្តល់សេវាអ៊ីនធើណិតដល់សាលារៀនសាធារណៈ ចាប់ពីឆ្នាំ២០២០នេះតទៅ ។ ក្រោមគម្រោងឈ្មោះ “ អ៊ីនធើណិតសម្រាប់សាលារៀន ” រហូតដល់ទៅ៣.០០០ សាលារៀនទូទាំងប្រទេស ដើម្បីកសាងមជ្ឈមណ្ឌលទិន្នន័យ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា សម្រាប់រយៈពេល៥ឆ្នាំខាងមុខទៀត ។

លើសពីនេះ ដើម្បីកសាងសង្គមឌីជីថល ក្នុងប្រព័ន្ធអប់រំឆ្លាតវៃ ក្រុមហ៊ុនមិត្តហ្វូននឹងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអនុវត្តដំណោះស្រាយ បច្ចេកវិទ្យា ក្នុងវិស័យអប់រំ រួមមាន ៖ ការដាក់ពង្រាយប្រព័ន្ធគ្រប់គ្រងព័ត៌មានអប់រំ  ប្រព័ន្ធគ្រប់គ្រងព័ត៌មានសិស្ស គ្រប់កម្រិតតាមប្រព័ន្ធអេឡិចត្រូនិកសៀវភៅ អេឡិចត្រូនិកប្រព័ន្ធ e-Government និងប្រព័ន្ធឌីជីថលផ្សេងៗទៀត ដោយឥតគិតថ្លៃរហូតដល់បំណាច់ ឆ្នាំ២០២០ សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានចូលទៅកាន់គេហទំព័រ eLearning រួមទាំង កម្មវិធី WiKiTV និង គេហទំព័រ eLearning របស់ក្រសួងអប់រំ យុវជន និងកីឡា ។

ជាការឆ្លើយតប លោក ហ្វុង វ៉ាន់គឿង អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន បានសម្តែងនូវការកោត សរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុញ្ញាតឱ្យ ក្រុមហ៊ុនមិត្តហ្វូនគាំទ្រ និងអនុវត្តគម្រោងនេះ ។ លោក បានគូសបញ្ជាក់ថា ៖“ គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងគ្រប់កម្រិត រវាង ក្រសួងអប់រំ និងក្រុមហ៊ុនមិត្តហ្វូន រវាងនាយកដ្ឋានអប់រំ ក្រោមក្រសួង ជាមួយសាខា មិត្តហ្វូន ២៥/២៥ ខេត្ត ក្រុងទូទាំងប្រទេស ។

គួរបញ្ជាក់ថា ក្រុមហ៊ុនមិត្តហ្វូន បញ្ជាក់ពីចក្ខុវិស័យ ដ៏មុតមាំក្នុងការវិនិយោគលើការអប់រំនៅកម្ពុជា ដែលជាការប្តេជ្ញាចិត្តដ៏សំខាន់ នាំយកនូវដំណោះស្រាយ លំដាប់ពិភពលោកមកប្រទេសកម្ពុជា ដើម្បីសិស្សានុសិស្សជិត១លាននាក់ និងគ្រូបង្រៀន រួមទាំងបុគ្គលិកអប់រំប្រមាណ១សែននាក់ ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ ជាពិសេសយុវជនជំនាន់ក្រោយ ក្លាយជាអ្នកដឹកនាំដ៏សក្តានុពលនាថ្ងៃអនាគត ។

សូមបញ្ជាក់ថា ក្រុមហ៊ុនមិត្តហ្វូន ក៏បានផ្តល់ការបញ្ចុះតម្លៃ អ៊ីនធឺណិត៥០ភាគរយ សម្រាប់ការភ្ជាប់លើកដំបូងដល់គ្រូ និងអាណាព្យាបាលសិស្ស ទូទាំងប្រទេសដែលបានភ្ជាប់អ៊ីនធឺណិត ចាប់ពីខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសាលាទាំងអស់ត្រូវបានបិទដោយសារតែវីរុសកូវីដ-១៩ ។

ក្រុមហ៊ុនមិត្តហ្វូនមានទំនុកចិត្ត ក្នុងនាមជាប្រតិបត្តិករមួយ ដែលកំណត់ក្នុងការអនុវត្តគម្រោងនេះ ឱ្យបានជោគជ័យជាមួយនឹង ហេដ្ឋារចនាសម្ព័ន្ធបណ្តាញដ៏ធំបំផុតរបស់ក្រុមហ៊ុន នៅក្នុងប្រទេសកម្ពុជា ដែលមាន ស្ថានីយ៍ផ្សាយសេវាជាង១១.០០០ អង់តែនខ្សែកាបអុបទិក ២៣.០០០ គីឡូម៉ែត្រដែលគ្របដណ្ដប់ តំបន់លំនៅដ្ឋានទាំងអស់ និងការផ្តល់សេវាកម្មទូរស័ព្ទចល័តដល់ប្រជាជនកម្ពុជា ជិត៩លាននាក់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner