ប្រធានកាកបាទក្រហមកម្ពុជាថ្លែងអំណរព្រះរាជគុណសម្តេចម៉ែព្រះរាជទានព្រះរាជទ្រព្យ

អត្ថបទដោយ៖
Kien Sereyvuth

   ប្រធានកាកបាទក្រហមកម្ពុជាបានថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជ សម្រាប់កាកបាទក្រហមកកម្ពុជាដើម្បីបម្រើឲ្យវិស័យមនុស្សធម៌។ ប្រធានកាកបាទក្រហមកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃ២៤មីនា បានទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលព្រះអង្គបានប្រទាន ព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារអាមេរិកសម្រាប់ខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០។ ថវិការ៣ពាន់ដុល្លារសម្រាប់ត្រីមាសទី២ខែមេសា ឧសភា និងខែមិថុនា ឆ្នាំ២០២០។ ក្នុងលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី បានបញ្ជាក់ថា តាងនាមថ្នាក់ដឹកនាំ និងសហការីនៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះ ព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើ។ ព្រះរាជគុណូប្បការៈដ៏ថ្លៃថ្លារបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត តែងតែបានលើកទឹកចិត្តដល់ខ្ញុំម្ចាស់ ដើម្បីខិតខំបំពេញភារកិច្ចដឹកនាំសកម្មភាពកាកបាទក្រហមកម្ពុជា ទទួលបាននូវជោគជ័យថ្មីៗទៀត សម្រាប់ជាឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំម្ចាស់ និងសហការីទាំងអស់ នឹងប្រើប្រាស់ព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ទៅតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់ជួយសង្គ្រោះដល់ប្រជារាស្ត្រក្រីក្រ និងប្រជារាស្ត្រដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

 

 

 

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner