ក្រសួងធនធានទឹក បង្ហាញការព្យាករណ៍អាកាសធាតុកម្ពុជា ១សប្ដាហ៏ទៅមុខ
ក្រសួងធនធានទឹក នៅថ្ងៃទី១មិថុនាឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពីការព្យាករណ៍ស្ថានភាពអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៨មិថុនា។ ក្រសួងធនធានទឹកបានឲ្យដឹងថា ក្នុងរយៈពេល១សប្ដាហ៏ទៅមុខ កម្ពុជានឹងទទួលរងនូវឥទ្ធិពលនៃខ្យល់មូសុងនិរតីមានកម្លាំងខ្សោយចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៤មិថុនា និងចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨មិថុនា ខ្យល់មូសុងនិរតីនឹងមានកម្លាំងពីបង្គួរទៅខ្លាំង។
ស្ថានភាពនោះបណ្ដាលឲ្យបណ្ដាខេត្តនៅតំបន់ទំនាបកណ្ដាលចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ និងពីថ្ងៃទី៦ដល់ថ្ងៃ៨មិថុនា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។ បណ្ដាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ចាប់ពីថ្ងៃតី២ដល់ថ្ងៃទី៥មិថុនា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ និងពីថ្ងៃទី៦ដល់ថ្ងៃ៨មិថុនា អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ។
នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃតី២ដល់ថ្ងៃទី៥មិថុនា អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយ និងពីថ្ងៃទី៦ដល់ថ្ងៃ៨មិថុនា អាចនឹងមានភ្លៀងក្នុងកម្រិតពីបង្គួរទៅច្រើន និងនៅលើផ្ទៃសមុទ្រអាចនឹងមានភ្លៀង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។ ក្រសួងធនធានទឹកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ៗ។
