រដ្ឋបាលរាជធានី កំពុងស្តារប្រឡាយទួលពង្រ២ ប្រវែងជាង ៦គីឡូម៉ែត្រ ដើម្បីរំដោះទឹកចេញពីភូមិដ្ឋាន ពលរដ្ឋនៅក្នុងតំបន់ភាគខាងលិចឈៀងខាងត្បូងរាជធានី

ភ្នំពេញ៖ ដើម្បីរំដោះនូវការលិចលង់ដោយជំនន់ទឹកភ្លៀង នារដូវវស្សានេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយទួលពង្រ២ ដែលប្រឡាយនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងតំបន់ភាគខាងលិចឈៀងខាងត្បូងរាជធានីភ្នំពេញ ការងារស្ដារប្រឡាយនេះនៅតែធ្វើបន្តបើទៅះបីរាជធានីភ្នំពេញបាននឹងកំពុងទប់ស្កាត់និងប្រឈមមុខនឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ដោយ ។

លោកដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី០១ខែមិថុនានេះថា ៖អនុវត្តតាមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ
បាននឹងកំពុងធ្វើសកម្មភាពស្ដារប្រឡាយទួលពង្រ២ ដើម្បីបើកមុខទឹកហូរឱ្យបានលឿន ក្នុងការរំដោះទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋនៅរដូវវស្សានេះ ។

លោកដួង ចាន់សារ៉ាត់បានបញ្ជាក់ថា ៖ប្រឡាយនេះមានបណ្ដោយ៦១០០ម៉ែត្រ ចាប់ផ្តើមចេញពីផ្លូវជាតិលេខ៣ ឆ្លងកាត់សង្កាត់ចោមចៅទី១ សង្កាត់ចោមចៅទី២ ក្នុងខណ្ឌពោធិសែនជ័យនិង ឆ្លងទៅសង្កាត់ព្រៃស ទម្លាក់ទៅស្ពានព្រែកហា ដែលមានទទឹងទំហំ១០ម៉ែត្រទៅ១៥ម៉ែត្រ ដោយកន្លែង ។ ការដ្ឋាននេះបានដំណើរការសកម្មភាពរបស់ខ្លួនកាលពីថ្ងៃទី៣១ខែឧសភា ម្សិលមិញ ហើយគម្រោងនេះនឹងបញ្ចប់ នៅក្នុងខែ សីហា ឆ្នាំ២០២១ខាងមុខនេះ។

លោកបានបញ្ជាក់បន្ថែមទៀតថា ៖ប្រឡាយនេះ មានសារៈសំខាន់ណាស់ ក្នុងការរំដោះទឹក កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ពោលគឺអាចរំដោះទឹកបាននៅភាគខាងលិចឈៀងខាងត្បូងរាជធានីភ្នំពេញ ខណៈដែរតំបន់ទាំងនេះបានទទួលរងនូវការលិចលង់ដោយទឹកជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ កាលពីឆ្នាំ២០២០ ដោយហេតុនេះហើយ ទើបលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងារនេះជាបន្ទាន់ ដើម្បីរំដោះទឹកបាននារដូវវស្សានេះ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងប្រឈមមុខនឹងការរីករាលដាលជម្ងឺកូវីដ-១៩ក៏ដោយ ពោលគឺដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner