បុរសម្នាក់ បើករថយន្តគេចពីរម៉ូតូជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បុរសម្នាក់ បើកបររថយន្តម៉ាក BMW មួយគ្រឿង ក្នុងល្បឿនលឿន គេចពីរម៉ូតូជ្រុលចង្កូតទៅបុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ភ្នំពេញហាន់ហាណូយ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាកស្កុបពីរពណ៍ស ពាក់ស្លាកលេខ កំពត 1Q-5278 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ ភ្នំពេញហាន់ហាណូយ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ត្រង់ចំនុចកើតហេតុខាងលើ ក៏ស្រាប់តែមានរថយន្តសេរីទំនើបមួយគ្រឿងទៀត ម៉ាក BMW ពណ៍ខ្មៅ ពាក់ស្លាកលេខ កម្ពុជា S.T.8586 បើកបរដោយបុរសម្នាក់ ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នាមកពីក្រោយ ក្នុងល្បឿនលឿន រួចបើកគេចពីម៉ូតូនៅខាងមុខ បណ្តាលឲ្យកៀរម៉ូតូដួល ហើយជ្រុលចង្កូតទៅបុកនឹងសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកឯ ម៉ូតូរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ និងម្ចាស់ម៉ូតូបានរងរបួសស្រាល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ រួចធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំងពីរគ្រឿងយកមកដាក់កៀនខាងសិន រួចឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា ដោយម្ចាស់ភាគីខាងរថយន្តបង្ក ក៏យល់ព្រមសងសំណងទៅខាងភាគីម្ចាស់ម៉ូតូរងគ្រោះចំនួន១០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗ។ រីឯ រថយន្តបង្កវិញ ដោយសមត្ថកិច្ចមើលឃើញថា មិនបណ្តាលឲ្យខូចខាតដល់ទ្រព្យសម្បត្តិរបស់រដ្ឋ ទើបសម្រេចឲ្យម្ចាស់រថយន្តធ្វើការទំនាក់ទំទងទៅខាងរថយន្តស្ទូចឲ្យមកស្ទូចយកចេញទៅតែម្តង៕ ដោយ/ ឆៃហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner