អង្គភាពកងយោធពលខេមរភូមិន្ទក្នុងខេត្តព្រះវិហារ ទទួលពលរដ្ឋចំនួន១៧នាក់ មកធ្វើចត្តាឡីស័ក
អង្គភាពទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បានទទួលយកប្រជាពលរដ្ឋ ចំនួន១៧នាក់ ដែលពាក់ព័ន្ធជាមួយអ្នកផ្ទុកវិជ្ជមានមេរោគកូវីត-១៩ ពីមណ្ឌលចត្តាឡីស័កកម្រិត១ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព របស់ពួកគាត់នៅក្នុងទីបញ្ជាការដ្ឋាន។ លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ បានឲ្យដឹងថា ការទទួលយកពលរដ្ឋពីមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត មកធ្វើចត្តាឡីស័កនៅកងពលតូចអន្តរាគមន៍លេខ៨ គឺដោយសារតែមណ្ឌលចត្តាឡីស័កកម្រិត១ ស្រុកជាំក្សាន្ត ពេញដោយអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។
លោកបន្តថា ចំពោះរយៈពេលស្នាក់នៅ ធ្វើចត្តាឡីស័ករបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរយៈពេល១៤ថ្ងៃនេះ គឺស្ថិតក្រោមការជួយឧបត្ថម្ភគាំទ្រទាំងស្រុងពីលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។ លោក ជា ឈុន បានសំណូមពរដល់ប្រជាពលរដ្ឋយកចិត្តទុក្ខដាក់ខ្ពស់ ចំពោះការអនុវត្តវិធានការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសអនុសាសន៍ណែនាំ ៣ការពារ ៣កុំ របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ-១៩ ពីម្នាក់ ទៅម្នាក់ ពីសមាជិក ទៅកាន់គ្រួសារ និងសហគមន៍ជាដើម៕ សួនលីណា