អនុរដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់អំពីបំណងនៃការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញៈ លោកស្រី Wendy R. Sherman អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចមួយថ្ងៃនៅកម្ពុជានាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីបានជួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា , លោកកឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន។
នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនារសៀលថ្ងៃទី១ ខែមិថុនា នៅវិមានសន្តិភាព យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជានៅយប់ថ្ងៃដដែលនេះ បានបញ្ជាក់ថា លោកស្រីអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និងបានរំលឹកពីតួនាទីសំខាន់របស់សហរដ្ឋអាមេរិក និងដៃគូផ្សេងទៀតបានដើរតួនាទីក្នុងការធ្វើកិច្ចចរចាកិច្ចព្រមព្រៀងសន្តិភាពប៉ារីសឆ្នាំ១៩៩១ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលជាច្រើនទសវត្ស។ លោកស្រីបានកត់សម្គាល់ថា ជំនួយជាង៣ពាន់លានដុល្លារដែលសហរដ្ឋអាមេរិក បានផ្តល់ចាប់តាំងពីពេលនោះមក ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់ប្រទេស និងអត្ថប្រយោជន៍ពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលបានជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានលើកឡើងពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជា ក្នុងពេលមានជំងឺរាតត្បាតរួមទាំងថវិកាចំនួន១១លានដុល្លារ ដើម្បីជួយ ដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងសុខភាពរួមជាមួយការប្រឹក្សាយោបល់ពីអ្នកជំនាញមកពីទីភ្នាក់ងារសុខាភិបាលសហរដ្ឋអាមេរិកដែលមានវត្តមាននៅកម្ពុជា។ លោកស្រីក៏បានកត់ សម្គាល់ពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយប្រទេសកម្ពុជាលើការអនុវត្តទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទៅលើកូរ៉េខាងជើង ការការពារកុមារ ការរក្សាសន្តិភាពអង្គការសហប្រជាជាតិ គណនេយ្យភាព ការដោះមីន មនុស្សធម៌ សុខភាពសាធារណៈនិងការអប់រំ និងផលប្រយោជន៍រួម។
លោកស្រីបានធានាដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាថា សហរដ្ឋអាមេរិកមានបំណងធ្វើការជាមួយប្រទេសកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងជួយធានាថា ខ្លួនអាចដើរតួនាទីស្ថាបនាក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់ដែលរួមមានប្រទេសកូរ៉េខាងជើងខាងជើង សមុទ្រចិន និងតំបន់មេគង្គ។
ដោយឡែកក្នុងជំនួបនោះដែរ តាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបអនុរដ្ឋមន្ត្រីការបរទេសអាមេរិក បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ដំណើរទស្សនកិច្ចរបស់លោកស្រី មកកាន់កម្ពុជានាពេលនេះ គឺដើម្បីពាំនាំយកលិខិតរបស់លោកប្រធានាធិបតី ចូ បៃដិន មកជូនសម្តេចតេជោដោយផ្ទាល់។ នេះគឺជាបំណងរបស់ប្រធានាធិបតី ចូ បៃដិន ក្នុងន័យធ្វើយ៉ាងណា ឱ្យអ្វីៗមានភាពល្អសម្រាប់ប្រទេសទាំងពីរ។ លោកស្រីក៏បានឆ្លៀតក្នុងឱកាសនោះ បានសម្ដែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិកកន្លងមក លើវិស័យជាច្រើន ជាពិសេសលើវិស័យរុករកអដ្ឋិធាតុទាហានអាមេរិក ដែលបាត់ខ្លួននៅកម្ពុជា, កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងភារវកម្ម និងនិងកិច្ចសហប្រតិបត្តិការវិស័យមនុស្សធម៌ ដូចជាការអនុញ្ញាតឲ្យកប៉ាល់ Westerdam ចូលចតនៅកម្ពុជា ដើម្បីជួយសង្គ្រោះប្រជាជន ដែលជាប់នៅលើកប៉ាល់ ដោយប្រទេសទៀតមិនអនុញ្ញាតឱ្យចូល ដោយបញ្ហាកូវីដ១៩។ ពីនោះទៅទៀតលោកស្រី ក៏បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ អំពីឱកាសនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលរួមមានទាំងការលុបបំបាត់បំណុលរបស់កម្ពុជា, កិច្ចសហប្រតិបត្តិការលើប្រេងនិងឧស្ម័ន និងការវិនិយោគរបស់សហរដ្ឋអាមេរិកលើបញ្ហាទឹក បញ្ហាហេដ្ឋារចនាសម្ព័ន្ធ បញ្ហាថាមពលបៃតង និងបញ្ហាដទៃទៀតជាច្រើន។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការរីករាយចំពោះអ្វីដែលលោកស្រីបានលើកឡើង និងអ្វីដែលសហរដ្ឋអាមេរិក បានរួមចំណែកជួយដល់កម្ពុជា រួមមានចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ការចូលរួមចំណែកអភិវឌ្ឍន៍កម្ពុជា រហូតមកដល់ពេលនេះ និងការចូលរួមចំណែករបស់សហរដ្ឋអាមេរិក មកដល់កម្ពុជាដោយផ្ទាល់ និងដោយប្រយោលតាមរយៈអង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។ ក្នុងឱកាសនោះដែរ សម្តេចតេជោក៏បានថ្លែងនូវការអបអរសាទរ ជូនដល់ប្រជាជន រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានទប់ស្កាត់ជំងឺកូវី១៩ បានជោគជ័យ ដែលជាការឆ្លុះបញ្ចាំងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានការចុះថយ នៃការរីករាលដាលឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិកគួរឱ្យកត់សម្គាល់។
ឆ្លៀតឱកាសនោះ សម្ដេចក៏បានថ្លែងអំណរគុណ ចំពោះលោកស្រី Wendy R. Sherman នូវអ្វីដែលលោកស្រីបានលើកឡើង ជាពិសេសការដោះស្រាយនូវបញ្ហាបំណុល។ សម្ដេចតេជោ បានស្នើសុំឱ្យសហរដ្ឋអាមេរិក ជាពិសេសលោកប្រធានាធិបតី ចូ បៃដិន ពិនិត្យពិចារណាដោះស្រាយបំណុល ដែលកម្ពុជាមានចំពោះសហរដ្ឋអាមេរិក តាមវិធីទ្វេភាគី ដោយអនុញ្ញាតឱ្យកម្ពុជា សងប្រាក់បំណុលនេះ តាមកម្មវិធីសងឡើងវិញបន្តិចម្ដងៗ និងទី២សងប្រាក់តាមកម្មវិធី ដែលមានការប្រាក់ត្រឹម១% និងទី៣ បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនោះ គឺសំណង៧០ភាគរយ ត្រូវបង្វិលមកធ្វើជាជំនួយដល់កម្ពុជាវិញ ទៅលើវិស័យអប់រំ វិស័យវប្បធម៌ វិស័យ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាដើម។ ពីនោះទៅទៀត សម្តេចតេជោក៏បានស្នើឲ្យសហរដ្ឋអាមេរិក ពិនិត្យឡើងវិញ លើកិច្ចសហប្រតិបត្តិការលើការបញ្ជូនជនជាតិកម្ពុជាត្រឡប់មកពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ។
ជាការឆ្លើយតប លោកស្រីបានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ រាល់កិច្ចសហប្រតិបត្តិការ ហើយលោកស្រីសន្យាថា អ្វីដែលជាការលើកឡើងរបស់សម្ដេចតេជោ ជាសំណើរបស់សម្តេចតេជោ, លោកស្រីនឹងលើកទៅជូនលោកប្រធានាធិបតីចូ បៃដិន។
បន្ទាប់ពីជំនួបជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី លោកស្រីក៏បានជួបប្រជុំជាមួយតំណាងមកពីសង្គមស៊ីវិល ក៏ដូចជាមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដើម្បីពិភាក្សាអំពីបញ្ហាដែលមានសារៈសំខាន់រួមគ្នាជាមួយសហរដ្ឋអាមេរិក រួមទាំងការធានាសន្តិភាពវិបុលភាពអធិបតេយ្យភាព និងអនាគតប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជា៕
ដោយៈពលជ័យ