រថយន្តFUSO កិនបុរសម្នាក់ស្លាប់ ខណៈជនរងគ្រោះជិះម៉ូតូវ៉ាជែងមិនប្រយ័ត្នប៉ះដៃចង្កូតនិងម៉ូតូកង់បីដួលខ្ទាតចូលក្រោមកង់រថយន្ត

អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ  ៖  បុរសម្នាក់បានបែកខ្លួនជាពីរកំណាត់និងធ្លាយពោះវៀនចេញក្រៅស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងវាជែងមិនប្រយ័ត្នប៉ះដៃចង្កូតជាមួយកង់បីបណ្ដាលឱ្យដួលខ្ទាតចូលក្រោមកង់រថយន្តកុងតឺន័រ កាលពីវេលាម៉ោង ០៩ និង ៤០នាទីយប់ថ្ងៃទី០១ ខែមិថុនា  ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ  ។ 

  សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ  ។ 

  យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា  មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកFUSO សណ្ដោងទូកុងតឺន័រ  ក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3F-0141ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧  ទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅពាក់ស្លាកលេខ  កោះកុង1A-0671ធ្វើដំណើរមកពីក្រោយស្របទិសគ្នាបានវ៉ាជែងម៉ូតូកង់បីមួយគ្រឿងមិនប្រយ័ត្នបណ្ដាលឱ្យប៉ះដៃចង្កូតដួលខ្ទាតចូលកង់រថយន្តកុងតឺន័រខាងក្រោយខាងស្ដាំបែកខ្លួនជាពីរកំណាត់ធ្លាយពោះវៀនចេញក្រៅស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង  ។ ភ្លាមនោះតៃកុងរថយន្តឃើញសភាពមិនស្រួលក៏ទុករថយន្តចោលរត់គេចខ្លួនបាត់  ។ 

  ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់  និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់។  ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ  និងស្វែងរកសាច់ញាតិឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ  ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner