គ.ជ.ប រៀបចំករិយាល័យបោះឆ្នោតចំនួន៥០ និងអ្នកមានឈ្មោះបោះឆ្នោតចំនួន ១៧,៨៨៤ នាក់នៅតាមរាជធានី-ខេត្ត ទូទាំងប្រទេស
គណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញតារាង ឃុំ សង្កាត់ និងឈ្មោះទីតាំងការិយាល័យបោះឆ្នោត សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១។ យោងតាមគ.ជ.ប នៅរាជធានីភ្នំពេញ មាន២ការិយាល័យ និងខេត្តទាំង២៤ មាន២ ការិយាល័យដូចគ្នា សរុបទូទាំងប្រទេសមាន៥០ ការិយាល័យ និងមានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ ចំនួន ១៧,៨៨៤ នាក់។
សូមបញ្ជាក់ថា ការបោះឆ្នោតសាកល្បងជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែមិថុនាឆ្នាំ២០២១ ។ ឯកឧត្តម សោម សូរីដា ទីប្រឹក្សា គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានគូសបញ្ជាក់យ៉ាងដូច្នេះថា គ.ជ.ប បានដាក់ចេញនូវកំណែទម្រង់ផ្នែកបច្ចេកទេស សម្រាប់ការអនុវត្តដំណើរការរៀបចំការបោះឆ្នោតដោយឈរលើគោលការណ៍ធ្វើទំនើបកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីធានាឱ្យការបោះឆ្នោតលើកក្រោយទៀត កាន់តែមានប្រសិទ្ធភាព និងល្អប្រសើរឡើង។
ឯកឧត្តមបានបញ្ជាក់អំពីគោលបំណងសំខាន់នៃការបោះឆ្នោតសាកល្បង គឺដើម្បី ៖
• សាកល្បងកម្មវិធីរៀបចំបញ្ជីបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ
• ដកបទពិសោធលើការអនុវត្តវិធានការទប់ស្កាត់ និងការពារការឆ្លងរោគរាតត្បាត (កូវីដ-១៩) ក្នុងការិយាល័យបោះឆ្នោត
• សាកល្បងការប្រើប៊ិកគំនូសសញ្ញាគាំទ្រគណបក្សនយោបាយលើសន្លឹកឆ្នោត
• សាកល្បងកម្មវិធីត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងបូកសរុបលទ្ធផលនៃការបោះឆ្នោត តាមប្រព័ន្ធកុំព្យូទ័រ។
ឯកឧត្តម សោម សូរីដា បញ្ជាក់បន្ថែមថា គ.ជ.ប ត្រូវរៀបចំការបោះឆ្នោត ដោយអនុវត្តតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ ហើយការបោះឆ្នោតត្រូវធ្វើឡើងជាសកល ដោយសេរី ដោយស្មើភាព ដោយចំពោះ និងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ ពោលគឺមិនមែនបោះឆ្នោតតាមប្រព័ន្ធអនឡាញ (Online) នោះទេ ។
សូមជម្រាបជូនថា ប្រសិនបើការបោះឆ្នោតសាកល្បងនៅពាក់កណ្តាលឆ្នាំ២០២១ ដំណើរការល្អ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព កម្មវិធីទំនើបកម្មនៃដំណើរការនេះ នឹងយកទៅអនុវត្តសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតសកលនៅឆ្នាំ២០២៣៕