អាជ្ញាធររាជធានី កំពុងជីកស្តារប្រឡាយម័រ មានប្រវែងជាង៣គីឡូម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន

ភ្នំពេញ៖ បើទោះបីរាជធានីភ្នំពេញបាននឹងកំពុងរីករាលដាលនៃជម្ងឺកូវីដ-១៩ក៏ដោយ ក៏ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើសកម្មភាពស្តារនិងអភិវឌ្ឍមូលដ្ឋានរាជធានីដដែល មានន័យថា ដៃម្ខាងធ្វើការអភិវឌ្ឍនិងដៃម្ខាងទៀត បង្ការនិងទប់ស្កាត់ជម្ងឺកូវីដ-១៩។

ជាក់ស្តែង នៅពេលនេះ អាជ្ញាធររាជធានីភ្នំពេញ បាននឹងកំពុងជីកស្តារប្រឡាយម័រ នៅក្នុងភូមិសាស្រ្តភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែងជាង៣គីឡូម៉ែត្រ ដោយចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ដើម្បីរំដោះការលិចលង់ ភូមិដ្ខានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ។

លោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី០២មិថុនានេះថា ៖ក្រោមការណែនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័រ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅចុងខែសីហាឆ្នាំ២០២១ខាងមុខនេះ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ។

លោក ម៉ៅ ប៊ុនធឿន បានបញ្ជាក់ផងដែរថា ប្រឡាយម័រនេះពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិសែនជ័យនិងខណ្ឌមានជ័យ ។ គិតមកដល់ពេលនេះប្រឡាយម័រ សម្រេចបានប្រវែង១៥៥២ម៉ែត្រហើយ ស្មើនឹង៥១ភាគរយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner