ខេត្តកំពង់ចាម រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់បន្ថែមទៀត និងមានអ្នកជាសះស្បើយ ៣៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងថ្ងៃទី១មិថុនា រដ្ឋបាលខេត្តបានចាត់មន្ទីរសុខាភិបាលខេត្តយកសំណាកធ្វើតេស្ដរហ័សកូវីដ-១៩ លើអ្នកសង្ស័យចំនួន៣ពាន់៣២៣នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ចំនួន៣៣នាក់។ ក្នុងនោះចំណោមអ្នកឆ្លងទាំងនោះមាននៅស្រុកកំពង់សៀម៤នាក់, ស្រុកព្រៃឈរម្នាក់, ស្រុកបាធាយ៩នាក់, និងស្រុកជើងព្រៃ១៩នាក់។
អ្នកជំងឺទាំង៣៣នាក់នោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងវិទ្យាល័យព្រះសីហនុ។ ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត។ រដ្ឋបាលខេត្តកំពង់ចាមបានអំពាវនាវឲ្យអ្នកដែលពាក់ពន្ធ័នឹងអ្នកជំងឺកូវីដ-១៩ទាំង៣៣នាក់នោះ ត្រូវទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
ជាមួយគ្នានោះ រដ្ឋបាលខេត្តបានឲ្យដឹងថា នៅថ្ងៃទី១មិថុនា ខេត្តកំពង់ចាមមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន៣៧នាក់ផងដែរ។ គិតត្រឹមថ្ងៃទី១មិថុនាឆ្នាំ២០២១ ខេត្តកំពង់ចាមមានអ្នកឆ្លងជំកូវីដ-១៩ចំនួន៩១៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួនា៣៤៧នាក់ និងនៅសល់៥៦៧នាក់កំពុងទទួលការព្យាបាល។

