ខេត្តកំពង់ចាម បង្ហាញអត្តសញ្ញាណ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី២ មិថុនា ឆ្នាំ២០២១ បានបង្ហាញអត្តសញ្ញាណករណីស្លាប់ដោយសារជំងឺកូវីដ-១៩ ។ សពមានឈ្មោះ ស៊ឹម ឈីម អាយុ ៤៥ឆ្នាំ មុខរបរជាកសិករ រស់នៅភូមិត្រពាំងឈូក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានស្លាប់នៅម៉ោង៧យបប់ថ្ងៃទី១មិថុនាឆ្នាំ២០២១ ដោយសារជំងឺកូវីដ-១៩។ ក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៥ឧសភា ឆ្នាំ២០២១ ស្ត្រីរូបនោះបានធ្វើតេស្តកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយសារបាន ប៉ះពាល់ដោយផ្ទាល់នឹងកូនស្រី វិជ្ជមានកូវីដ-១៩ ជាកម្មការិនីរោងចក្រខាលីនតុន។

ស្ត្រីរូបនោះត្រូវបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ហើយស្ត្រីរូបនោះមានប្រវត្តិព្យាបាលជំងឺរីកបេះដូង។ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះក៏ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺខាងលើ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១ មិថុនា ឆ្នាំ២០២១។

ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ស៊ឹម ឈីម អាយុ ៤៥ឆ្នាំ បានស្លាប់ដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានជំងឺរីកបេះដូង។ យោងតាមក្រសួងសុខាភិបាលក្នុងរយៈពេល២៤ម៉ោងចុងក្រោយមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន១០នាក់។ គិតត្រឹមព្រឹកថ្ងៃទី២មិថុនានេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន២៣០នាក់ហើយ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner