អភិបាលខេត្តស្ទឹងត្រែង ចុះពិនិត្យការសាងសង់មណ្ឌលសុខភាព សាលាឆទាន និងស្ពានឈើមួយកន្លែង ស្ថិតក្នុងស្រុកថាឡាបរិវ៉ាត់
ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ មន្ទីរ និងអង្គភាពពាក់ព័ន្ធ អញ្ជើញចុះពិនិត្យពីវឌ្ឍនភាព ការកសាងប៉ុស្តិ៍មណ្ឌលសុខភាព សាលាឆទាន និងស្ពានឈើមួយកន្លែង ស្ថិតក្នុងឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
មន្ត្រីទទួលបន្ទុកក្នុងការស្ថាបនាសំណង់ទាំងនេះបាននិយាយថា ដោយមានការទទួលខុសត្រូវ និងគិតគូខ្ពស់ អភិបាលខេត្តស្ទឹងត្រែង បានតម្រូវឲ្យមានការសាងសង់ប៉ុស្តិ៍មណ្ឌលសុខភាព១ខ្នង មានទំហំទទឹង ១០ ម៉ែត្រ និងបណ្តោយប្រវែង១៥ ម៉ែត្រ ហើយប៉ុស្ត៍សុខភាពមួយនេះ មានបន្ទប់ផ្ទះបាយ និងមានបន្ទប់ទឹក ដែលបច្ចុប្បន្ន កំពុងដំណើរការសាងសង់ ។ លោកថា ក្រៅពីសាងសង់ប៉ុស្តិ៍សុខាភាព ក៏នៅមានសាលាឆទាន១ខ្នង ដែលស្ថិតនៅក្នុងភូមិអន្លង់ភេ និងស្ពានឈើ «ស្ពានអូររុន»១កន្លែងទៀត ដែលស្ថិតនៅក្នុងភូមិផ្អាវ នៃឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ក៏កំពុងបន្តសាងសង់ បានជិតរួចរាល់ទាំងស្រុងហើយដែរ។
ឯកឧត្តម ម៉ុម សារឿន បានមានប្រសាសន៍ថា ការសាងសង់សំណង់ប៉ុស្តិ៍ មណ្ឌលសុខភាព ក្នុងពេលនេះ ដោយអនុវត្តស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការបង្ខិតសេវាសុខភាព ឲ្យនៅគៀកនឹងប្រជាពលរដ្ឋ ស្របតាមកំណើនរបស់ប្រជាពលរដ្ឋ និងតម្រូវការចំបាច់នូវប៉ុស្តិ៍សុខភាព ដើម្បីបំរើ ថែទាំ និងព្យាបាលជំងឺបន្ទាន់ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។
ឯកឧត្តម បានចាត់ទុកការស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មូលដ្ឋាននាពេលនេះ គឺជាការបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ឲ្យទទួលបានសេវា ប្រឹក្សាយោបល់ និងការពិនិត្យសុខភាព, ងាយស្រួលក្នុងការធ្វើដំណើរ ចំណាយពេលវេលាតិច និងការដឹកជញ្ជូនកសិផលនានា ពីទីជនបទ មកកាន់ទីប្រជុំជន បានយ៉ាងឆាប់រហ័ស ដើម្បីលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ បានយ៉ាងល្អប្រសើរ។ ខណៈនោះ លោកអភិបាលខេត្ត ក៏បានអញ្ជើញប្រគល់ថវិកា ១លានរៀល សម្រាប់ចាត់ចែងក្នុងការសាងសង់សាលាឆទាន និងឧបត្ថម ១០០ដុល្លារ ដល់ក្រុមជាងសាងសង់ស្ពាន ទុកជាការលើកទឹកចិត្ត និងដើម្បីពន្លឿនលើការស្ថាបនា ឲ្យបានរួចរាល់ប្រកបដោយគុណភាព នាពេលដ៏ខ្លីខាងមុខនេះ៕សំបូរ





