ដីធ្លី នាបច្ចុប្បន្ននេះ គឺជាបញ្ហាស្មុគស្មាញ តម្រូវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការដោះស្រាយ
នេះគឺជាការលើកឡើងរបស់លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងកិច្ចប្រជុំពិភាក្សារកដំណោះស្រាយបញ្ហាដីធ្លី នៅតំបន់មួយចំនួនក្នុងខេត្ត ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ទីរអង្គភាពស្រុក ក្រុង ឃុំ សង្កាត់ ដែលពាក់ព័ន្ធ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២១។
ក្នុងកិច្ចប្រជុំនាថ្ងៃនេះផ្ដោតសំខាន់ស្ដីពីសម្រង់ទិន្នន័យ ក្បាលដី របស់ប្រជាពលរដ្ឋដែលបានចូលកាន់កាប់ និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ ស្ថិតក្នុងដីគម្របព្រៃឈើឆ្នាំ២០០២ ហើយឋិតក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
លោក ជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានលើកឡើងថា ខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យបានបង្កើតក្រុមការងារ លេខាប្រតិបត្តិនៃអនុគណៈកម្មាធិការខេត្តដើម្បីទប់ លុបបំបាត់និងបង្រ្កាបការកាប់រាន ដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើកម្មសិទ្ធិនោះ។ ក្រោយពីបានចុះផ្សព្វផ្សាយខ្លឹមសារ នៅក្នុងសេចក្ដីជូនដំណឹងលេខ ០១៤ គជប.ដព.របស់គណៈកម្មាធិការជាតិ ដើម្បីចុះប្រមូលទិន្នន័យប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលដែរយូរឆ្នាំ នៅលើដីគម្របព្រៃឈើ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យទទួលបាន សាលាកប័ត្រ ក្បាលដីបឋមពីបញ្ហា ស្រុក ឃុំ រួមមាន៖ស្រុកថ្មពួក ស្វាយចេក ភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ដោយសរុបចំនួន ១៥,៧៨៤ ក្បាលដីស្មើនឹង ១៧,២៣៧ ហិតតា។
លោក លី សារី អភិបាលរងខេត្តមានប្រសាសន៍ថា រឿងដីធ្លីគឺជាបញ្ហាស្មុគស្មាញណាស់ដែលយើងត្រូវរកវិធានការដោះស្រាយ ដូចនេះសូមឲ្យមន្ត្រីជំនាញពាក់ព័ន្ធរិះរក គ្រប់មធ្យោបាយពាក់ព័ន្ធរឿងស្រង់ទិន្នន័យ ក្បាលដីរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានច្បាស់លាស់ ហើយលើកំណត់យក១ខែទៀត ត្រូវធ្វើឱ្យបានចប់សព្វគ្រប់ លើបញ្ហាដីធ្លីខាងលើនឹងរកដំណោះស្រាយ មុននឹងស្នើសុំគោលការណ៍ទៅក្រសួងពាក់ព័ន្ធពិនិត្យនិងសម្រេច។ ចុងក្រោយ លោក លី សារី បានធ្វើការក្រើនរំលឹក ពន្លឿនដល់មន្ត្រីអង្គភាពពាក់ព័ន្ធខិតខំបំពេញការងារ កំណត់ទីតាំងដីធ្លីឲ្យបានច្បាស់លាស់ ចៀសវាងបញ្ហាទំនាស់រឿងដីធ្លីបន្តទៀត៕ ដោយះឃិន គន្ធា






