ជប៉ុនគ្រោងផ្តល់វ៉ាក់សាំង និងថវិកាបន្ថែម៨០០លានដុល្លារដល់កម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក WHO (មានវីដេអូ)
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុនលោក លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ មានផែនការផ្តល់ថវិកាបន្ថែម៨០០លានដុល្លារទៀត ទៅដល់កម្មវិធីចែកចាយវ៉ាក់សាំងអន្តរជាតិ ខូវ៉ាក់ (COVAX) របស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងចែកចាយវ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់បណ្តាប្រទេសកំពុងមានតម្រូវការ ។
នៅថ្ងៃពុធសប្តាហ៍នេះ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ នឹងចូលរួមកិច្ចប្រជុំកំពូលនៃកម្មវិធី ខូវ៉ាក់ តាមអនឡាញ ជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស មហាសេដ្ឋីអាមេរិកលោក បៀល ហ្គេតស៍ និងអ្នកតំណាងមកពីប្រទេស G7 ។
មន្រ្តីរដ្ឋាភិបាលជប៉ុនម្នាក់ប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារ៍នេះថា កិច្ចប្រជុំកំពូលខាងលើ មានគោលដៅស្វែងរកការបំពេញថវិកាដែលខ្វះចន្លោះ១.៧ពាន់លានដុល្លារ ហើយអន្តរជាតិរំពឹងថា ប្រទេសធំៗ និងអង្គការពាក់ព័ន្ធនានា នឹងជួយបង្កើនការបរិច្ចាគតបតាមការសន្យារបស់ពួកគេ ដើម្បីបំពេញការខ្វះខាតទាំងផ្នែកថវិកា និងវ៉ាក់សាំង ៕ ប្រភព៖ CNA


