ករណីពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) នៅខេត្តពោធិ៍សាត់ មានអ្នកស្លាប់កើនឡើង ដល់០៨នាក់ និងឈឺ ៧៦នាក់

អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ផ្តល់ជូនអ្នករងគ្រោះ បន្ទាប់ពីទទួលបានព័ត៌មាន ពីអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ករណីប្រជាពលរដ្ឋរងគ្រោះ ដោយករណីពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) បណ្តាលឱ្យស្លាប់ជាបន្តបន្ទាប់ និងមួយចំនួនទៀត កំពុងសម្រាកព្យាបាលនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ដើម្បីផ្តល់ជូនដល់អ្នករងគ្រោះ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។

ឯកឧត្តម ម៉ៅ ធនិន បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយកើតហេតុភ្លាមៗ និងក្រោយទទួលបានព័ត៌មាននេះភ្លាម ឯកឧត្តមបានបញ្ជាឱ្យកម្លាំងនគរបាល ចុះជួយអន្តរាគមន៍ ដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ។ ជាមួយគ្នានោះ ឯកឧត្តមបានបញ្ជូន មន្ត្រីជំនាញមួយក្រុម ចុះទៅពិនិត្យផ្ទាល់ និងស្រាវជ្រាវ នៅកន្លែងដែលសង្ស័យថា ពុលស្រា នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ក្រោយកើត មានករណីសង្ស័យពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) កើតឡើង សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ អ្នកផលិតស្រាសម្នាក់ ឈ្មោះ ទ្រី វណ្ណា ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិសានស ឃុំអន្សាចំបក់ ស្រុកក្រគរ តាមបញ្ជា របស់ឯកឧត្តមប្រធាន គណៈបញ្ជាការឯកភាពខេត្ត ដើម្បីបង្កសំណុំរឿង ចាត់ការតាមនីតិវិធី ។ ដោយឡែកវត្ថុតាងស្រាស ត្រូវបានយកទៅពិនិត្យឡាបូ រង់ចាំលទ្ធផលពេលក្រោយ ។ តែទោះជាយ៉ាងណា សមត្ថកិច្ចនឹងខិតខំស្រាវជ្រាវបន្តទៀត ដើម្បីបង្ហាញអំពីមូលហេតុច្បាស់លាស់នៃករណីពុលនេះ ។

គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ មានករណីស្លាប់ប្រជាពលរដ្ឋជាបន្តបន្ទាប់ ចំនួន០៨នាក់ (ប្រុស០១នាក់, ស្រី០៧នាក់) ហើយត្រូវបានគ្រូពេទ្យជំនាញ និងនគរបាលបច្ចេកទេស ដាក់ការសន្និដ្ឋានថា សង្ស័យពុលគ្រឿងស្រវឹង (ស្រាស, ស្រាថ្នាំ) ក្នុងពិធីបុណ្យសព នៅឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈមនុស្សជាង ៧៦នាក់នាក់ទៀត កំពុងសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត (ធ្ងន់២នាក់ និងស្រាល៧៤នាក់) ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner