អាជ្ញាធរនៃរដ្ឋបាលស្រុកកំរៀង រកឃើញប្រជាពលរដ្ឋដែលវិជ្ជមានកូវីដ-19 គឺជាអ្នកចេញចូលរកស៊ីនិង ពាក់ព័ន្ធនៅកន្លែងកាស៊ីណូ ខេត្តប៉ៃលិន

អត្ថបទដោយ៖
Kien Sereyvuth

    លោក សុខ គឹមខុន អភិបាលស្រុកកំរៀង ខេត្តបាត់ដំបង បានឲ្យដឹងថា៖ចាប់ពីចុងខែឧសភា មកដល់ថ្ងៃទី០២ខែមិថុនាឆ្នាំ២០២១នេះ រដ្ឋបាលស្រុកបានរកឃើញករណីវិជ្ជមាននៅក្នុងស្រុករបស់ខ្លួនជាបន្តបន្ទាប់។ ហើយករណីរកឃើញថ្មី នៃ អ្នកវិជ្ជមានកូវីដ-19 គឺ៖ ជាអ្នករស់នៅក្នុងស្រុកកំរៀង ហើយបានទៅធ្វើការ ឬធ្វើដំណើរចេញចូលរកស៊ីនិងពាក់ព័ន្ធនៅកន្លែងកាស៊ីណូខេត្តប៉ៃលិន ហើយបានវិលត្រឡប់មកផ្ទះវិញត្រូវបានអាជ្ញាធរនិងក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់ធ្វើតេស្តវត្ថុសំណាករកឃើញ នូវ ករណីវិជ្ជមានកូវីដ-19 ចំនួនជាង ៥០នាក់រួចមកហើយ។និងមកដល់ពេលនេះ អាជ្ញាធរស្រុកកំរៀង ក៏មានវិធានសុខាភិបាលផងដែសម្រាប់អ្នកដែលប៉ះពាល់ដោយផ្ទាល់ ត្រូវបានមន្ត្រីសុខាភិបាលយកសំណាក និងនាំទៅធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលដែលបានរៀបចំរួចរាល់។និងដោយឡែកចំពោះអ្នកប៉ះពាល់ប្រយោលត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះរបស់ខ្លួននីមួយៗ ។

      ការថ្លែងគូសបញ្ជាក់របស់លោកអភិបាលស្រុកកំរៀង បែបនេះ គឺធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានដឹកនាំគណៈប្រតិភូមួយក្រុម ចុះជួបសំណេះសំណាលនិងសាកសួរទុក្ខដល់ក្រុមគ្រូពេទ្យជួរមុខនៅតាមមន្ទីរពេទ្យបង្អែកស្រុកជាប់ព្រំដែនថៃ និង បាននាំយកថវិកាមួយចំនួន និងអង្ករចំនួន០៣តោន ជូនដល់ក្រុមគ្រូពេទ្យជួរមុខ ក្នុងស្រុកសំពៅលូន ស្រុកកំរៀង ស្រុករតនមណ្ឌល និងរដ្ឋបាលស្រុកកំរៀង នៅថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២១នេះ។

      ក្នុងការចុះត្រួតពិនិត្យមើលពីស្ថានភាពការកើនឡើងករណីវិជ្ជមានក្នុងស្រុកមួយនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជម្រុញឲ្យ អាជ្ញាធរនៃរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ តាមបណ្តាស្រុកនានា ក្នុងខណៈការរកឃើញអ្នកឆ្លងជំងឺកូវីដ-19 កាន់តែច្រើននៅក្នុងខេត្ត។ជាពិសេសអាជ្ញាធរតាមបណ្ដាស្រុកជាប់ប្រទល់នឹងខេត្តជិតខាង និងជាប់ព្រំដែនប្រទេសថៃត្រូវតែបន្តរឹតបន្តឹងនិងមានវិធានការក្នុងការត្រួតពិនិត្យសុខភាព និងការយកសំណាកឲ្យបានត្រឹមត្រូវច្បាស់លាស់ ហើយក៏មិនត្រូវឲ្យពលករ ឬអ្នកមានការសង្ស័យគេចវេសពីការធ្វើតេស្តសំណាក និងយកទៅធ្វើចត្តាឡីស័កបានឡើយ។

        ជាមួយការដាក់ចេញនូវវិធានការចំពោះមុខក្នុងនោះ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានណែនាំឲ្យរដ្ឋបាលស្រុកកំរៀង ដែលកំពុងតែមានវិធានការក្នុងការបិទខ្ទប់ផ្នែកខ្លះនៃផ្ទះប្រជាពលរដ្ឋ និងទីតាំងមួយចំនួនដែលពាក់ព័ន្ធជាមួយអ្នកជម្ងឺទាំងនោះ ត្រូវបន្តយកចិត្តទុកដាក់ និងត្រូវផ្គត់ផ្គងនូវស្បៀងជាគ្រឿងឧបភោគបរិភោគផ្សេងៗ ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងពេលបិទខ្ទប់និងត្រូវធ្វើការអប់រំពន្យល់ដល់ពួកគាត់ទាំងនោះឲ្យចូលរួមនូវវិធានសុខាភិបាលនិងត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនក្នុងការធ្វើចត្តាឡីស័កនិងពីការអនុវត្តនូវវិធានការសុខាភិបាល ៣.ការពារ៣.កុំនិង២ ត្រូវចូលរួម។

        ជាមួយគ្នានោះ លោកអភិបាលស្រុកកំរៀងក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមថា៖ អាជ្ញាធរស្រុកបានដាក់ចេញនូវវិធានការត្រួតពិនិត្យ និងរៀបចំឲ្យមានប៉ុស្តិ៍ត្រួតពិនិត្យសុខភាពតាមព្រំប្រទល់ស្រុក របស់ខ្លួន។ហើយចំពោះអ្នកដំណើរចូលស្រុកកំរៀងក៏ត្រូវប្រាប់នូវព័ត៌មានពិត អំពីទីតាំងដែលខ្លួនត្រឡប់មក ប្រាប់ដល់អាជ្ញាធរ និង ប្រាប់អ្នកជិតខាងឲ្យបានដឹង និងដើម្បីមានការប្រុងប្រយ័ត្ន ក្នុងការការពារនិងបង្ការទប់ស្កាតជាមុន ពីការឆ្លង និងចម្លងរីករាលដាលនៃជំងឺកូវីដ-19ដល់ក្រុមគ្រួសារនិងសហគមន៍ខ្លួន។កន្លងមកអាជ្ញាធរស្រុកបានធ្វើការផ្សព្វផ្សាយជាបន្តបន្ទាប់ ពីករណីឆ្លងថ្មីទាំងនេះទៅកានយប្រជាពលរដ្ឋ និងជំរុញដល់ពួកគាត់ត្រូវតែអនុវត្តនូវ ៣.ការពារ ៣.កុំ និង២. ត្រូវចូលរួម។

      គិតត្រឹមថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីមានការផ្ទុះឆ្លងនូវជំងឺកូវីដ-19 ក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង បានរកឃើញអ្នកវិជ្ជមានកូវីដ-19ចំនួន៣០៣នាក់ បានព្យាបាលជាសះស្បើយចំនួន១០៥នាក់ ស្លាប់ចំនួន២នាក់ និងបញ្ជូនទៅព្យាបាលនៅ ខេត្តបន្ទាយមានជ័យ ចំនួន ០២នាក់ និងកំពុងសម្រាក់ព្យាបាលតាមបណ្តាមន្ទីរពេទ្យបង្អែកនានាក្នុងខេត្ត សរុបចំនួន ១៩៦នាក់ ៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner