ទេសរដ្ឋមន្រ្តីឱម យ៉ិនទៀង ចូលរួម កិច្ចប្រជុំពិសេសនៃមហាសន្និបាត UN ស្ដីពី បញ្ហាប្រឈម និងវិធានការនានាក្នុងការ បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ
រាជធានីភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង និង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានចូលរួមកិច្ចប្រជុំពិសេសនៃមហាសន្និបាតអង្គការសហប្រជាជាតិ(UN)ស្ដីពី បញ្ហាប្រឈម និងវិធានការនានាក្នុងការ បង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថាក្នុងកិច្ចប្រជុំនេះ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀងនឹងធ្វើសេចក្ដីថ្លែងការណ៍តាមរយៈវីដេអូថត ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០២១ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
ក្នុងកិច្ចប្រជុំនេះដែរមានថ្នាក់ដឹកនាំនៃប្រទេសចំនួន ១៨៦ រួមទាំងកម្ពុជា ដែលជារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) និងអង្គការថ្នាក់តំបន់ អន្តរជាតិ និង ស្ថាប័ននានាក្នុងវិស័យប្រឆាំងអំពើពុករលួយនឹងជួបជុំគ្នានៅក្នុង សម័យប្រជុំពិសេសនៃមហាសន្និបាតស្តីពី បញ្ហាប្រឈម និងវិធានការនានាក្នុងការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ និងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (UNGASS) ដែលត្រូវបានសម្រេចឱ្យរៀបចំនៅពាក់កណ្ដាលឆ្នាំ២០២១ ដើម្បីអនុម័តលើសេចក្តីប្រកាសនយោបាយ ដែលមានលក្ខណៈច្បាស់លាស់ និងផ្ដោតលើសកម្មភាព ស្របតាមសេចក្ដីសម្រេចលេខ 73/191 នៃមហាសន្និបាត កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
សូមបញ្ជាក់ថា អនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ត្រូវបានអនុម័ត ដោយមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០៣ និងបានចូលជាធរមាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៥ ដែលបច្ចុប្បន្នមានរដ្ឋភាគីចំនួន ១៨៦។ កម្ពុជាបានចូលជារដ្ឋភាគីនៃ UNCAC នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៧។ UNCAC មានគោលបំណង៖ ១). លើកកម្ពស់ និងពង្រឹងវិធានការបង្ការ និងប្រឆាំងអំពើពុករលួយឱ្យមាន ប្រសិទ្ធភាព និងប្រសិទ្ធផល ២). លើកកម្ពស់ សម្របសម្រួល និងគាំទ្រកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនួយ បច្ចេកទេសក្នុងការបង្ការអំពើពុករលួយ រួមមានការបញ្ចូនមកវិញនូវទ្រព្យដែលជាផលនៃបទល្មើស ( សុចរិតភាព គណនេយ្យភាព និងការគ្រប់គ្រងត្រឹមត្រូវនូវទ្រព្យសម្បត្តិ និងកិច្ចការសាធារណៈ៕ដោយ៖ម៉ាដេប៉ូ



