សម្តេចប្រធានព្រឹទ្ធសភា អញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម ត្រាំ អ៉ីវតឹក
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ បានអញ្ជើញផ្តល់ភ្លើងបូជាសពឯកឧត្តម ត្រាំ អ៉ីវតឹក ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅខាងមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការអញ្ជើញពីក្រុមគ្រួសារសព និងនិមន្តព្រះសង្ឃធ្វើពិធីអង្គស្វាធ្យាយ ព្រះសត្តប្បករណ៍ ដង្ហែប្រទក្សិណសពបីជុំមេរុ និងក្រុមគ្រួសារសពអាននូវវិយោគកថា និងជីវប្រវត្តិរបស់ឯកឧត្តម ត្រាំ អ៉ីវតឹក ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។
បន្ទាប់មកសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្តល់ភ្លើងបូជាសពឯកឧត្តម ត្រាំ អ៉ីវតឹក រួចមក ក្រុមគ្រួសារសព បានឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស់ទាំងអស់ដែលបានផ្ដល់កិត្តិយស អញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបូជាសពនាពេលនេះ ៕ ដោយ / គ្រី សម្បត្តិ













