កម្ពុជាចែករំលែកបទពោធន៍នៃវិធានការណ៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជាក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩ ដល់ឥណ្ឌា

អត្ថបទដោយ៖
ធី ដា

ការចែករំលែកបទពិសោធន៍នោះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា តាមប្រពន្ធ័វីដេអូន នៅថ្ងៃទី៣មិថុនាឆ្នាំ២០២១។ ក្នុងជំនួបនោះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងការរំលែកការលំបាកដែលប្រជាជនឥណ្ឌាកំពុងប្រឈមនាពេលបច្ចុប្បន្ន ដោយសារការរាតត្បាតយ៉ាងខ្លាំងក្លានៃជំងឺកូវីដ-១៩។ លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់ថា កម្ពជា និងឥណ្ឌា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធទប់ស្កាត់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដូចជាក្នុងវិស័យអាទិភាពនានា ទោះស្ថិតក្នុងកាលៈទេសៈដែលប្រទេសទាំងពីរ និងពិភាពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩។

លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា Devyani Khobragade បានថ្លែងថា បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩នៅឥណ្ឌា មានលក្ខណៈប្រសើរជាងមុនជាបណ្ដើរៗហើយ។ លោកស្រីបានបន្តថា ទោះបីជាស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ រដ្ឋាភិបាលឥណ្ឌា នៅតែបន្តរក្សាការសន្យារបស់ខ្លួនចំពោះរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហការ លើការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងកិច្ចខិតខំបន្តពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀតដូចជា ការសម្រួលពាណិជ្ជកម្មក្រៅប្រទេស ការជំរុញការវិនិយោគឯកជនពីឥណ្ឌាមកកម្ពុជា និងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានក្នុងវិស័យហេដ្ឋារចនាសម្ពន្ធ័រូបវន្ត និងវិស័យឌីជីថល តាមរយៈយន្តការនានា ដូចជាយន្តការទ្វេភាគី, យន្តការតំបន់ និងយន្តការឥណ្ឌា-អាស៊ាន ជាដើម។

លោកស្រី Devyani Khobragade បានកោតសរសើរចំពោះកម្ពុជាដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%នាពេលកន្លងមក និងបានប្រែក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយក្នុងស្ថានភាពដ៏លំបាកនេះ លោកស្រីឯកអគ្គរដ្ឋទូត មានបំណងចង់ស្វែងយល់អំពីវិធានការណ៍សង្គម និងសេដ្ឋកិច្ចរបស់កម្ពុជាក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩។ លោកឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុនីរត្ន័ បានថ្លែងអំណរគុណលោកស្រី Devyani Khobragade ផ្ទាល់ ដែលកន្លងមកបានខិតខំសហការ និងសម្របសម្រួលឲ្យមានការផ្គត់ផ្គង់វ៉ាក់សាំង Astra Zeneca មកដល់កម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជានៅតែមានតម្រូវការវ៉ាក់សាំងបន្ថែមទៀត ហើយលោកសង្ឃឹមថា ឥណ្ឌានឹងបានផ្គត់ផ្គង់វ៉ាក់សាំងបន្ថែមមកកម្ពុជានាពេលដ៏ខ្លីខាងមុខ។

នៅក្នុងការគ្រប់គ្រងវិបត្តិកូវីដ-១៩វិញ លោកឧបនាយករដ្ឋមន្ត្រីអូនពន្ធ័មុនីរត្ន័ បានលើកឡើងថា កម្ពុជាបានអនុវត្តនូវវិធានការ រក្សាស្ថេរភាពសង្គម និងរក្សាភាពរស់រានមានជីវិតផ្នែកសេដ្ឋកិច្ច របស់ប្រជាជនតាមរយៈកម្មវិធី ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ ដើម្បីជួយគាំទ្រប្រជាជនកម្ពុជាដែលមានកម្រិតជីវភាពទាប និងជួបប្រឈមនឹងការលំបាកក្រោយការអនុវត្តការបិទខ្ទប់។ លើសពីនោះ រាជរដ្ឋាភិបាលកម្ពុជា កំពុងគិតគូរអំពីការដាក់ឲ្យអនុវត្តកម្មវិធីប្រហាក់ប្រហែលគ្នានោះ នៅក្នុងអន្តរកាលក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដើម្បីជួយសម្រួលដល់ប្រជាជនងាយរងគ្រោះអាចសម្របខ្លួនបានឡើងវិញក្នុងបរិបទនៃប្រក្រតីភាពថ្មី។

លោកឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុនីរត្ន័ ក៏បានសម្ដែងការវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋឥណ្ឌាដែលមានបំណងផ្ដល់ហិរញ្ញប្បទានដល់កម្ពុជាក្នុងវិស័យឌីជីថល ស្របពេលដែលកម្ពុជាកំពុងមានតម្រូវការ ដោយកម្ពុជាទើបតែបានអនុម័តឯកសារ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលកម្ពុជាឆ្នាំ២០២១ដល់ឆ្នាំ២០៣៥ និងត្រៀមរៀបចំឲ្យមានគោលនយោបាយពាក់ពន្ធ័នឹងវិស័យឌីជីថលផ្សេងទៀត នាពេលខាងមុខ។ លោកឧបានយករដ្ឋមន្ត្រីក៏បានជំរុញ និងសម្រួលពាណិជ្ជកម្មទ្វេភាគី តាមារយៈខិតខំឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ឥន្ឌានាពេលខាងមុខ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner