ពិធីផ្សព្វផ្សាយសេចក្តីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប ៖ ពិធីផ្សព្វផ្សាយសេចក្តីសម្រេចលេខ១៦៣/០៥២១/សស.គក ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២ នៅទីស្នាក់ការបក្សស្រុកក្រឡាញ់ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ រៀបចំឡើងដោយមានការចូលរួមពី ឯកឧត្តម សៀង ណាំ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ឯកឧត្តម ជា ច័ន្ទបរិបូណ៍ អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ និង ឯកឧត្តម អ៊ាន ឃុន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ព្រមទាំងអស់លោក លោកស្រី សមាជិក សមាជិកាបក្ស អង្គភាព ជុំវិញស្រុក បានអញ្ជើញចូលរួមជាច្រើននាក់ផងដែរ។

ឯកឧត្តម សៀង ណាំ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកក្រឡាញ់ មានប្រសាសន៏ថា ចំពោះក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ជាមួយការងារបក្សនៅតាមភូមិ ឃុំ ស្រុក ឲ្យបានដឹកដល់ជាទីបំផុត ដើម្បីបន្តរៀបចំផែនការចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពធានារក្សាឱ្យបាននូវភាពរឹងមាំរបស់គណបក្សតទៅមុខទៀត ពីព្រោះថា យើងជិតដល់ពេលបោះឆ្នោតទៀតហើយ ជាពិសេស គឺមេភូមិ មេឃុំ ចាប់ពីពេលនេះទៅយើងត្រូវចុះអប់រំណែនាំបន្ថែមទៀត។

ឯកឧត្តម បានបញ្ជាក់ទៀតថា កត្តាសំខាន់ គឺភូមិ ឃុំ ស្រុក យើងត្រូវមានស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានខ្ពស់បំផុត ទាំងខាងទស្សនៈ ឆន្ទៈ និងសកម្មភាព ឆ្ពោះទៅកាន់មូលដ្ឋាន ដើម្បីសម្រេចឱ្យបានជោគជ័យនៃកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងការពារមាតុភូមិរបស់យើងគ្រប់ៗ និងរាល់សកម្មភាព ការងាររបស់គណបក្ស តាមទិសដៅភារកិច្ចឆ្នាំ២០២១នេះ របស់គណៈកម្មាធិការកណ្តាល ដែលយើងបានរៀនសូត្រ នាពេលកន្លងមកនោះ ថ្វីត្បិតតែយើងស្ថិតនៅក្នុងបរិបទកូវីដ.១៩ កំពុងតែរីករាលដាលក៏ពិតមែនប៉ុន្តែការងាររបស់យើងនៅតែបន្តជានិច្ច។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម បានកោតសរសើរចំពោះថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ក្រុមការងារគ្រប់លំដាប់ ដែលបានខិតខំប្រឹងប្រែងចូលរួមយ៉ាងសកម្មបំផុត ក្នុងការបំពេញការងារនៅគ្រប់មូលដ្ឋាន ប្រកបដោយស្មារតីលះបង់ និងការទទួលខុសត្រូវខ្ពស់ផងដែរ ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner