រដ្ឋបាលខេត្តបាត់ដំបងបានកំណត់យកទីតាំងវិទ្យាល័យកំរៀង ស្រុកកំរៀង និង សាលាបឋមសិក្សា សម្តេចតេជោហ៊ុនសែនជ្រៃសីមា ស្រុកសំពៅលូន រៀបចំជាកន្លែងព្យាបាលជំងឺកូវីដ19ក្នុងករណីអ្នកជម្ងឺស្រាលៗ

អត្ថបទដោយ៖
Kien Sereyvuth

ចុងសប្តាហ៍នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានចាត់តាំងឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបង ឲ្យចុះពិនិត្យមើលនិងត្រៀមរៀបចំនូវទីតាំងចំនួន០២កន្លែង សំរាប់ព្យាបាលអ្នកជំងឺកូវីដ-19 នៅតាមបណ្តាស្រុកជាប់ព្រំដែនថៃ ជាមួយខេត្តបាត់ដំបង។

       ដោយយោងតាមផេកហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម សឿម ប៊ុនរិទ្ធ នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ ក្នុងនាមតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានចុះពិនិត្យរៀបចំទីតាំងសម្រាប់សំរាកព្យាបាលអ្នកជំងឺកូវីដ-19នៅតាមបណ្តាស្រុកជាប់ព្រំដែនថៃ ចំនួន ០២កន្លែង ដែលស្ថិតនៅក្នុងស្រុកកំរៀងនិងស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្នុងនោះក៏មានវត្តមានចូលរួម ពីលោកអភិបាលស្រុក លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ កងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងមន្ត្រីសុខាភិបាលជាច្រើនទៀតផង ។

     នៅដំណើរពិនិត្យចុះពិនិត្យមើលនិងកំណត់យកនូវទីតាំងសម្រាប់ធ្វើការសំរាកព្យាបាលអ្នកជំងឺកូវីដ-19 នៅស្រុកទាំង០២ខាងលើនេះ ត្រូវ បានសម្រេចជ្រើសយកទីតាំង “វិទ្យាល័យកំរៀង”ដែលស្ថិតនៅស្រុកកំរៀង ចំនួន០១កន្លែង និង បានត្រៀមរៀបចំបម្រុងមួយកន្លែងទៀត នៅ “អនុវិទ្យាល័យជ្រៃសីមា” ដែលស្ថិតនៅក្នុង ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

        ការរៀបចំនូវទីតាំងសំរាប់ព្យាបាលអ្នកជំងឺកូវីដ-19 ក្នុងភូមិសាស្ត្រស្រុកកំរៀងនិងស្រុកសំពៅលូនទាំង២នេះ គឺ៖បន្ទាប់ពីមានការឆ្លង និងពីការចម្លងមកពីប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកខាងលើនេះ បានធ្វើដំណើរចេញ-ចូលទៅរកស៊ី និងបានពាក់ព័ន្ធ និងទីតាំងកាស៊ីណូ នៅក្នុងខេត្តប៉ៃលិនកន្លងមក ហើយលំហូរប្រជាពលរដ្ឋនិងការធ្វើតេស្តសំណាកពីបងប្អូនវិលត្រឡប់មកពីទីកន្លែងខាងលើនេះភាកច្រើនតេស្តវត្ថុសំណាករកឃើញករណីវិជ្ជមានកូវីដ-19 ជាបន្តបន្ទាប់និងកើនឡើងគួរឲ្យកត់សម្គាល់ ដែលតម្រូវឲ្យអាជ្ញាធរនៃរដ្ឋបាលខេត្តនិងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង រួមជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានផ្ទាល់ ដើម្បីរៀបចំទីតាំងសម្រាប់ការព្យាបាលបងប្អូនអ្នកជម្ងឺកូវីដ-19នៅទីតាំងថ្មីនេះ។

      សូមបញ្ជាក់ថា៖ យោងរបាយការណ៍ របស់ រដ្ឋបាលខេត្តបាត់ដំបង នូវ ករណីរកឃើញ វិជ្ជមានកូវីដ-19បន្ថែមថ្មី នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១នេះ មានចំនួន ៣២នាក់, ពាក់ព័ន្ធនិងសហគមន៍២០កុម្ភៈ ចំនួន ២០នាក់និងពលករមកពីថៃចំនួន១២នាក់។ ដោយឡែក បានព្យាបាលអ្នកជម្ងឺឲ្យជាសះស្បើយ ចំនួន១៤នាក់។ បច្ចុប្បន្ន អ្នកជម្ងឺកូវីដដែលកំពុងតែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកក្នុងខេត្តនិងនៅតាមបណ្តាស្រុកនានា មានចំនួនសរុប ២៤៩នាក់៕  ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner