គម្រោងសាងសង់ផ្លូវជាតិលេខ៣ពីភ្នំពេញ ទៅក្រុងកំពត សម្រេចបានជាង ៩៨ ភាគរយ

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងសាធារណករនិងដឹកជញ្ជូន បានបង្ហាញថាគិតរហូតមកទល់ពេលនេះ គម្រោងសាងសង់ផ្លូវជាតិលេខ៣ពីភ្នំពេញ ទៅក្រុងកំពត សម្រេចបាន ៩៨,០៤% ហើយ។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួង នៅថ្ងៃសៅរ៍ ១០រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-កំពត និង កំពត-វាលរេញ) ផ្លូវជាតិលេខ ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យផ្លូវទាំង នេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។
គម្រោងសាងសង់ផ្លូវជាតិលេខ៣ (ចោមចៅ-បែកគូស-កំពត) មានប្រវែងសរុប ១៣៤,៧៩៦ គីឡូម៉ែត្រ អនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសសំណង់ ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co. ដោយប្រើប្រាស់រយៈពេលសាងសង់ ៤៨ខែ ដែលចំណាយថវិកាសរុបប្រមាណ ២១៩ ៩១១ ០០០ ដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ផ្លូវជាតិលេខ៣ ជាផ្លូវជាតិដែលតុបតែងលម្អដោយមាន៖ ដើមរុក្ខជាតិ ផ្កា និងសួនស្មៅនៅ ចំកណ្តាលទ្រូងផ្លូវ ប្រកបដោយទេសភាពពណ៌បៃតងស្រស់ ស្ពានអាកាសថ្មើរជើងសម្រាប់ឆ្លងកាត់ថ្នល់ ប្រកបដោយសុវត្ថិភាព ១០០% ចំនួន២កន្លែង ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និងផ្លាក សញ្ញាបង្ហាញទិសដៅផ្លូវ កាមេរ៉ាចាប់ល្បឿនយានយន្តចំនួន១៤កាមេរ៉ា ស្ថានីយថ្លឹងយានយន្ដចំនួន ០២កន្លែង និងប្រព័ន្ធកាមេរ៉ា និងជញ្ជីងស្វ័យស្វ័យប្រវត្ត (AI Camera and High Speed Weigh in Motion Senior)ផងដែរ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner