អធិការនគរបាលស្រុកតាំងគោក ខេត្តកំពង់ធំ អំពាវនាវរកសាច់ញ្ញាត អោយមកទទួលយកសពជនរងគ្រោះ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្តបុករះបង្គោលភ្លើង បង្កជាអគ្គិភ័យឆេះស្លាប់នៅក្នុងរថយន្ត គួរអោយសង្វែក!
ខេត្តកំពង់ធំ៖ បុរសអ្នកបើកបររថយន្តស៊េរីទំនើបមួយគ្រឿង បានជួបគ្រោះថ្នាក់ចរាចរ ណ៍ រហូតបាត់បង់ជីវិតនៅក្នុងអណ្តាតភ្លើង ក្រោយរថយន្តនោះបានបើកបោះពួយយ៉ាងលឿន ហើយរេចង្កូតធ្លាក់ពីលើទ្រូងផ្លូវ ទៅបុករះរបងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើង នៅប្របនឹងដងផ្លូវ បង្កជាគ្រោះអគ្គិភ័យឆេះរថយន្ត និងមនុស្សស្លាប់ខ្លួន យ៉ាងអណោចអធមបំផុត។ហេតុការណ៍គ្រោះថ្នាក់នោះ បានកើតឡើងនៅម៉ោងប្រមាណជា ម៉ោង១១ និង៤៥នាទីយប់ ថ្ងៃទី១៩មីនាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិ លេខ៦ នៅចន្លោះគីឡូម៉ែត្រលេខ ១០៧-១០៨ ស្ថិតក្នុងភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ ក្រោយហេតុការណ៍ដែលបានកើតឡើងនោះ សមត្ថកិច្ចមូលដ្ឋាន បាននាំយករថយន្តពន្លត់អគ្គិភ័យ ចុះជួយសង្គ្រោះ តែមិនអាចជួយស្រោចស្រង់ជីវិត ជនរងគ្រោះនៅក្នុងពេលនោះបានឡើយ។
អធិការនគរបាលស្រុកតាំងគោក លោកវរៈសេនីយ៍ទោ សន តាល់ បានប្រាប់អោយដឹងថា ពិតជាមានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ដ៏គួរអោយសង្វែកនោះមែន ដែលករណីនេះ បង្កឡើងដោយខ្លួនឯង ហើយរថយន្តនេះជាប្រភេទរថយន្តស៊ីណា ពណ៌សរ ពាក់ស្លាកលេខ 2BA-4837 ផ្ទុកទៅដោយដមទឹកអាល់កុល ។ ចំណែក អ្នកបើកបរ និងជាជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណនោះទេ និងបានស្លាប់នៅក្នុងរថយន្ត ក្រោយរថយន្តនោះ បានបើកធ្លាក់ផ្លូវ ហើយបុករះរបងផ្ទះប្រជាពលរដ្ឋ និងបង្គោលភ្លើង នៅប្របនឹងដងផ្លូវនោះ បណ្តាលអោយផ្ទុះឆេះរថយន្ត និងអ្នកបើករថយន្តនោះស្លាប់ភ្លាមៗ នៅក្នុងពេលនោះ។ លោកអធិការ បានបន្តថា តាមការពិនិត្យស្ថានភាពជាក់ស្តែង កម្លាំងជំនាញបានសន្និដ្ឋានថា ការរងគ្រោះថ្នាក់នេះ គឺអាចមកពីអ្នកបើកបររងការងងុយដេក។
ក្រោយហេតុការណ៍ ក្រុមមន្ត្រីសង្គ្រោះអគ្គិភ័យ បានចុះជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងនោះ ប៉ុន្តែ មិនអាចជួយស្រោចស្រង់ជីវិតអ្នកបើកបរបានឡើយ ហើយខណៈនេះ សាកសពជនរងគ្រោះ បាននាំយកមកតម្កល់ទុកនៅក្នុងវត្តដា ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ដោយរង់ចាំសាច់ញ្ញាត មកទទួលយកទៅធ្វើបុណ្យ ទៅតាមប្រពៃណី។ លោកអធិការ បានអំពាវនាវដល់ក្រុមគ្រួសារ នៃសព បើមានបាត់សមាជិកគ្រួសារ ហើយស្គាល់ប្រភេទរថយន្ត និងស្លាកលេខរថយន្តនេះច្បាប់ សូមមកកាន់វត្តដា ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំបង់ធំ សមត្ថកិច្ច នឹងរង់ចាំប្រគល់សាសព ជូនក្រុមគ្រួសារ គ្រប់ពេលវេលា។
ដោយឡែក នៅក្នុងខេត្តព្រះវិហារនោះវិញ មានករណីគ្រោះអគ្គិភ័យមួយ បានកើតឡើងនៅវេលាយប់ ថ្ងៃទី១៩មីនាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ ទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ នៅក្នុងហេតុកាណ៍នោះ ភ្លើងបានលេបត្របាក់ផ្ទះ១ខ្នង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋអស់ទាំងស្រុង ដែលផ្ទះនោះ សង់ឡើងក្នុងទំហំទទឹង៥ម៉ែត្រ និងបណ្តោយប្រវែង ១២ម៉ែត្រ ធ្វើពីឈើលើថ្មក្រោម ដំបូលប្រក់ស័ង្កសី ជាកម្មសិទ្ធរបស់ឈ្មោះ សេង ធី អាយុ ៤១ ជាប្តី និងប្រពន្ធឈ្មោះ នង គង់ អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើ។
អធិការនគរបាលក្រុងព្រះវិហារ លោកវរៈសេនីយឯក ឆៅ វុទ្ធា បានប្រាប់អោយដឹងថា មូលហេតុ ដែលផ្តើមអោយផ្ទះមួយខ្នងនេះរងការឆាបឆេះ គឺបណ្តាលមកពីប្តីជាអ្នកដុត ក្រោយពេលផ្ទុះអំពើហឹង្សាមួយនៅក្នុងរង្វង់គ្រួសារនោះមក។ លោកថា នៅក្នុងអំឡុងពេលភ្លើងកំពុងឆាបឆេះ កម្លាំងអធិការដ្ឋាននគរបាលក្រុង និងស្នងការនគរបាលខេត្ត បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ដើម្បីចេញអន្តរាគមន៍ជួយពន្លត់ភ្លើងនោះ។ ហើយនៅគ្រានោះ អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានដឹកនាំមន្ត្រី និងកងកម្លាំងចុះជួយអន្តរាគមន៍ ទាំងយប់ងងឹត។ ចំណែក បុរសម្ចាស់ផ្ទះបង្កអំពើហឹង្សាលើគ្រួសារ និងបានប្រព្រឹត្តដុតបំផ្លាញផ្ទះខ្លួនឯងនោះ ខណៈនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន មកកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់នោះហើយ៕ ដោយ៖ ឡុង សំបូរ