កិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការទប់ស្កាត់ បង្ការការពារជម្ងឺ កូវិដ១៩ ដើមី្បធ្វើការផ្សព្វផ្សាយដល់បង ប្អូនប្រជាពលរដ្ឋមានភាពជឿជាក់ នូវរាល់វិធានការរបស់រាជរដ្ឋាភិបាល សំខាន់ក្រសួងសុខាភិបាល
ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធការទប់ស្កាត់ បង្ការការពារជម្ងឺ កូវិដ១៩ នៅក្នុងខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពី ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និង អស់លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងក្រុមប្រឹក្សាសង្កាត់ទាំង១២ក្នុងក្រុងសៀមរាប នាសាលប្រជុំសាលាខេត្ត ។
ឯកឧត្តម ពិន ប្រាកដ ក៏បានលើកពីគោលបំណងនៃកិច្ចប្រជុំ ដោយផ្តោតយ៉ាង សំខាន់ទៅលើវិធីសាស្ត្រ ក្នុងការបង្ការ និងការពារនូវជម្ងឺរលាកផ្លូវដង្ហើមថ្មី Covid-19 ដើមី្បធ្វើការផ្សព្វផ្សាយដល់បង ប្អូនប្រជាពលរដ្ឋមានភាពជឿជាក់ នូវរាល់វិធានការរបស់រាជរដ្ឋាភិបាល សំខាន់ក្រសួងសុខាភិបាល ក៏ដូចមន្ទីរសុខាភិបាលខេត្តសៀមរាប ចំពោះករណីនេះ ។
តាមសេចក្តីរាយការណ៍របស់លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត ចំពោះករណី នៃជម្ងឺកូវិដ១៩ ដែលកើតមានឡើងនៅខេត្តសៀមរាប មានតែពីរករណីប៉ុណ្ណោះមកដល់ថ្ងៃនេះ ។ លោកវេជ្ជបណ្ឌិតក៏បានគូស បញ្ជាក់ផងដែរថា ចំពោះករណីនេះក៏យើងមិនត្រូវមានការធ្វេសប្រហែស គឺត្រូវបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ សម្រាប់បង ប្អូនប្រជាពលរដ្ឋកម្ពុជា សំខាន់ទូទាំងខេត្តសៀមរាប ត្រូវរួមគ្នាធ្វើ អនាម័យឲ្យបានជាប្រចាំ ទាំងនៅតាមទីសាធារណៈ និងក្រុមគ្រួសារ តាមការណែនាំរបស់ក្រសួងសុខាភិបាល និង សុំកុំឲ្យជឿនូវរាល់ព័ត៌មានមិនពិត ដែលធ្វើការផ្សព្វផ្សាយតាម បណ្តាញសង្គម ( ហ្វេសប៊ុក) ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម និង សេដ្ឋកិច្ចជាតិ ។
ឯកឧត្តម ពិន ប្រាកដ ក៏បានលើកឡើងថា ការបង្កើតគណ:កម្មការប្រយុទ្ធនឹងជំងឺកូវីដ (Covid-19) ខេត្តសៀមរាប ដែលមានមន្ទីរសុខាភិបាលជាសេនាធិការ ហើយរដ្ឋបាលខេត្ត បានធ្វើការផ្សពផ្សាយសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ លេខ០០៣ សណន ស្តីពីការផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ការរាតត្បាតនៃជម្ងឺកូវីដ១៩ ដល់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាព និង សាធារណ: ទូទាំងខេត្តសៀមរាប ។ ឯកឧត្តម ក៏បានធ្វើការការណែនាំ ដល់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង-ស្រុក ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ហើយរដ្ឋបាលខេត្ត ក៏បានធ្វើការផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍របស់ខេត្ត តាមរយ:ប្រព័ន្ធបណ្តាញសង្គម (page facebook) និង LED សាធារណ:ចំនួន ០២កន្លែង ក្នុងក្រុងសៀមរាបផងដែរ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប