ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ឧបត្ថម្ភម៉ាស់២៨០០ម៉ាស់និងទឹកអាកុល១៤០លីត្រជូនដល់មន្រ្តីតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ សម្រាប់ប្រើប្រាស់បង្ការជម្ងឺឆ្លងវីរុសកូវីដ១៩
ភ្នំពេញ៖ មន្រ្តីគរបាលបំរើការងារនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង៤នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងបំពេញភារកិច្ចការពារ រក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញបានទទួលការយកចិត្តទុកដាក់ឧបត្ថម្ភម៉ាសចំនួន២៨០០ម៉ាស់និងទឹកអាកុល១៤០លីត្រ ពីឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញសម្រាប់ប្រើប្រាស់សម្អាតអនាម័យនៅពេលចុះបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។
ការឧបត្ថម្ភម៉ាស់និងទឹកអាកុលក៏ដើម្បីចូលរួមអនុវត្តវិធានការបង្ការជម្ងឺឆ្លងវីរុសកូវីដ១៩ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ។គ្រាដែលជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩ បាននិងកំពុងរីករាលដាលជាសដាលរាតត្បាតជាសកលនិងឆ្លងរាលដាលមកលើជនបរទេសនិងជនជាតិខ្មែរជាបន្តបន្ទាប់នៅកម្ពុជា។ ការចែកម៉ាស់ និងទឹកអាកុលជូនដល់មន្រ្តីនគរបាលធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី២០ ខែមីនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រព្រឹត្តទៅក្រោមវត្តមានលោកឧត្តម សេនីយ៍ត្រី សរ សំណាង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង ក៏បានប្រាប់ឱ្យដឹងថានេះជាការយកចិត្តទុកដាក់និងគិតគូរខ្ពស់ពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត ទៅលើសុខមាលភាពមន្រ្តីនគរបាលក្រោមឱវាទទាំងអស់គ្រប់ពេលវេលានិងគ្រប់ទីកន្លែងជាពិសេសខណៈ ដែលមានបញ្ហាជម្ងឺឆ្លងផ្លូវដង្ហើមកូវីដ១៩កំពុងកើតឡើងរាលដាលជាបន្តបន្ទាប់នៅតាមបណ្តាខេត្តមួយចំនួននិងនៅក្នុងរាជធានីភ្នំពេញ។
លោកស្នងការរងក៏បាននាំប្រសាសន៍ណែនាំពីសំណាក់ឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត តែងរំលឹកជាប្រចាំឱ្យមន្រ្តីនគរបាលក្រោមឱវាទត្រូវចូលរួមការពារបង្ការទប់ស្កាត់ជម្ងឺឆ្លងផ្លូវដង្ហើមមួយនេះឱ្យបានគត់មុត និងមិនត្រូវធ្វេសប្រហែសនោះឡើយ។ពោលគឺអនុវត្តអនាម័យជាប្រចាំ តាមដានត្រួតពិនិត្យសុខភាពនិងកំដៅនៅក្នុងខ្លួន និងពាក់ម៉ាស់ លាងដៃជាមួយទឹកអាកុលអនុវត្តទៅតាមការណែនាំឱ្យបានត្រឹមត្រូវរបស់ក្រសួងសុខាភិបាលកម្ពុជា នៅពេលចុះបំពេញភារកិច្ចការងារនៅគ្រប់គោលដៅនិងទីកន្លែងនៅក្នុងរាជធានីភ្នំពេញ។ សំ វិច្ឆិកា