កម្ពុជា-វៀតណាម ប្រជុំរកដំណោះស្រាយលើបញ្ហាកកស្ទះការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៩ខែមីនាឆ្នាំ២០២០បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ នៃខេត្តតៃនិញ ដែលដឹកនាំដោយលោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ ដើម្បីពិភាក្សា សម្របសម្រួល រកដំណោះស្រាយលើបញ្ហាកកស្ទះការដឹកជញ្ជូនទំនិញនាំចេញ-នាំចូល នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ ។

ចូលរួមក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីលោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក លោកស្រីជាអភិបាលរងខេត្តស្វាយរៀង តំណាងសមាគមដឹកជញ្ជូនកម្ពុជា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានសាខាគយ និងរដ្ឋាករខេត្ត លោកអភិបាលក្រុងបាវិត លោកប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិបាវិត លោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ រួមនិងមន្ត្រីគយ និងរដ្ឋាករ មន្ត្រីចត្តាឡីស័ក កងម្លាំង និងមន្ត្រីមានសមត្ថកិច្ចដែលឈរជើងនៅច្រកទ្វារព្រំដែននៃភាគីទាំងពីរជាច្រើនរួមទៀត ។

 

ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានសម្រេចព្រមព្រៀងគ្នាលើជម្រើសមួយចំនួន ដើម្បីសម្រួលដល់ការចរាចរទំនិញចេញចូលរវាងប្រទេសទាំងពីរឲ្យប្រព្រឹត្តទៅដោយរលូន ល្អប្រសើរ ផ្ដល់នូវផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម ក្រោមការយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការរួមគ្នាពង្រឹងកិច្ចអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ និងបទប្បញ្ញត្តិ នៃវិធានសុខាភិបាលរបស់ប្រទេសទាំងពីរ និងរក្សាឲ្យបាននូវស្ថិរភាពលំហូរចរាចរទំនិញនាំចេញ-នាំចូលឆ្លងកាត់ព្រំដែន ។ ទន្ទឹមនេះ ភាគីទាំងពីរក៏បានឯកភាពផ្សព្វផ្សាយនូវដំណោះស្រាយទាំងនោះដល់ធុរជននៃប្រទេសទាំងពីរ ដើម្បីឲ្យធុរជនជ្រើសរើសយកការអនុវត្តដ៏សមស្របមួយក្នុងអំឡុងពេលនេះ ។

ដោយឡែកដើម្បីដោះស្រាយបញ្ហាចំពោះមុខដែលកំពុងមានការកកស្ទះ ភាគីទាំងពីរបានសម្រេចអនុវត្តជាបណ្តោះអាសន្ន នូវជម្រើសចំនួនពីរ គឺទី១ អនុញ្ញាតឲ្យមធ្យោបាយដឹកជញ្ជូនចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ និងទី២អនុញ្ញាតឲ្យមធ្យោបាយដឹកជញ្ជូនចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរក្បាលឡានសណ្ដោង ។

សូមបញ្ជាក់ថា ជម្រើសនៃដំណោះស្រាយដែលបានព្រមព្រៀងគ្នានោះ រួមមាន

១៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ ។

២៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។

៣៖ អនុញ្ញាតឲ្យយរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។

៤៖ អនុញ្ញាតឲ្យយរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញពីកម្ពុជាទៅវិញ ដោយតម្រូវឱ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និង សូមឱ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថា អ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង ។ ចំពោះជម្រើសនៃដំណោះស្រាយទាំងនេះ នឹងត្រូវបានយកមកអនុវត្ត ចំពោះគ្រប់មាត់ច្រកដែលមានព្រំប្រទល់ជាប់ខេត្តតៃនិញ របស់ប្រទេសវៀតណាម ហើយភាគីទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ចសហការដោះស្រាយ នូវបញ្ហាប្រឈមចំពោះមុខ ដែលអាចកើតមានជាយថាហេតុ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner