សង្ស័យស្រវឹងស្រា បុរសភេទទីបី ម្នាក់បើករថយន្ត camry មួយគ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកចំណតរថយន្តក្រុង និងបង្គោលភ្លើងស្តុបខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសភេទទីបីម្នាក់សង្ស័យស្រវឹងស្រានឹងខូចចិត្តបើករថយន្តកាមរីមួយគ្រឿងបោះពួយលឿនដូចហោះ ជ្រុលចង្កូតបុកចំណតរថយន្តក្រុងនិងបោកបង្គោលភ្លើងស្តុបបណ្តាលឱ្យធ្លាក់ភ្លើងស្តុបរាយពេញផ្លូវ និងចំណត់រថយន្តក្រុងខូចខាតស្ទើរទាំងស្រុង ឯរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៩ ខែមិថុនាឆ្នាំ ២០២១ នៅចំណុចស្តុបព្រៃជីសាក់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះបានឱ្យដឹងថាមុនកើតហេតុគេឃើញបុរសភេទទីបី ម្នាក់សង្ស័យស្រវឹងស្រានឹងខូចចិត្ត ដោយនៅក្នុងរថយន្តសុទ្ធតែកំប៉ុងស្រាជាច្រើនកំប៉ុង ដោយបើករថយន្ត camryមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ2AX-5549 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងឆ្លងមកផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីជើងទៅត្បូងឆ្ពុះទៅទិសខាងកើត លឿនដូចហោះ លុះដល់ចំណុចកើតហេតុខាងលើបួងចង្កូតបត់មិនទាន់ជ្រុលទៅបុករថយន្តក្រុងពេញទំហឹងបណ្ដាលឱ្យខូចខាតស្ទើរទាំងស្រុងចំណែករថយន្តបានបោកផ្ទប់នឹងបង្គោលភ្លើងស្តុបធ្លាក់ស្តុបរាយពេញផ្លូវ ចំណែករថយន្តខូចខាតយ៉ាងដំណំ ។ក្រោយហេតុការណ៍អ្នកបើកបររថយន្តបានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ ៖ ជីម ភារ៉ា



