អភិបាលខេត្តបាត់ដំបង និង អ្នកផ្តួចផ្តើមមូលនីធិ ចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងក្រុ មគ្រូពេទ្យជួរមុខ ប្រយុទ្ធប្រឆាំងទប់ស្កាត់និងបង្ការ ការរាតត្បាត “កូវីដ-១៩” នៅមន្ទីរពេទ្យបង្អែកខេត្ត
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តមអភិបាលរងខេត្ត និងជាពិសេស លោក គឹម ហួត ប្រធានមន្ទីរពាណិជ្ជកម្ម
ខេត្ត និងជាម្ចាស់ផ្តើមគំនិតបង្កើតមូលនីធិដើម្បីរួមចំណែកក្នុងការគាំទ្រនូវសកម្មភាពមនុស្សធម៌ជួយដល់ក្រុមគ្រូពេទ្យជួរមុខ ដែលកំពុងបំពេញបេសកកម្មយ៉ាងមមាញឹកក្នុងការប្រយុទ្ធប្រឆាំងពីការចម្លងនិងការរាតត្បាតនិងព្យាបាលអ្នកជម្ងឺផ្លូវដង្ហើមថ្មី កូវីដ-១៩ ដែលកំពុងតែសម្រាកព្យាបាលយ៉ាងយកចិត្តទុកដាក់និងការថែទាំដោយឡែកពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ២០២០នេះ ព្រមទាំងនាំយកនូវថវិកាមូលនីធិគាំទ្រសកម្មភាពក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ខេត្តបាត់ដំបង ចំនួន២០លាន៨០ម៉ឺនរៀល ដើម្បីឧបត្ថម្ភដល់ក្រុមគ្រូពេទ្យជួរមុខនិងអ្នកជម្ងឺ”វិជ្ជមានកូវីដ-១៩”ចំនួន៦នាក់ ដែលកំពុងតែទទួលការព្យាបាល ពីក្រុមគ្រូពេទ្យទីនោះ។
គិតត្រឹមយប់ថ្ងៃទី១៩ខែមិនឆ្នាំ២០២០កន្លង ទៅនេះ ក្រសួងសុខាភិបាលបានប្រកាសឲ្យដឹងថានៅខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៦នាក់(ស្រី២នាក់)។ ដោយឡែកនៅព្រឹកថ្ងៃទី២០ មីនានេះបើតាមការអះអាងពីមន្ត្រីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា៖ស្ថានភាពអ្នកជំងឺ គឺមានសុខភាពធម្មតា ហើយនៅទីនេះក្រុមគ្រូពេទ្យកំពុងបន្តយកចិត្តទុកដាក់ក្នុងការថែទាំនិងតាមដាននូវសុខភាព របស់ពួកគាត់ អ្នកជម្ងឺយ៉ាងយកចិត្តទុកដាក់ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានផ្តល់នូវកម្លាំងចិត្ត និងបានណែនាំជម្រុញដល់ក្រុមគ្រូពេទ្យ សូមឲ្យបន្តខិតខំថែទាំអ្នកជំងឺកូវីដ-១៩នៅទីនេះឲ្យបានល្អ ដោយត្រូវយកចិត្តទុកដាក់និងប្រុងប្រយ័ត្នពីតួនាទីកាតព្វកិច្ច និងសីលធម៌វិជ្ជាជីវៈរបស់ខ្លួន ក្នុងការបំពេញភារកិច្ចជាគ្រូពេទ្យ។ហើយក្នុងនោះក៏ត្រូវណែនាំក្រុមគ្រូពេទ្យ និងមន្ត្រីបំរើការទីនេះ មិនត្រូវបំផុសបំផុលនិងបង្អើលអំពីបញ្ហាជំងឺនេះដល់គ្រូពេទ្យគ្នាឯង ប្រជាពលរដ្ឋនិងអ្នកជំងឺផ្សេងៗ ឲ្យកាន់តែមានភាពភ័យខ្លាចនោះទេ។ ជាមួយគ្នានេះក្រុមគ្រូពេទ្យយើង ក៏ត្រូវចេះផ្តល់នូវសារលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តដល់អ្នកជម្ងឺនិងអ្នកដែលសង្ស័យអំពីសុខភាពផ្ទាល់ខ្លួនឲ្យពួកគាត់ចេះសហការជាមួយក្រុមគ្រូពេទ្យក្នុងការផ្តល់ព័ត៌មាននិងឲ្យមកពិគ្រោះធ្វើតេស្ត ពីជម្ងឺនេះ ដែលខ្លួនមានការសង្ស័យពីអ្វីដែលក្រសួងសុខាភិបាល បានធ្វើការណែនាំ និងបានបង្ហាញពីរោគសញ្ញានៃការកើតនិងចម្លងជម្ងឺកូវីដ-១៩ កន្លងមកនេះ។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់មន្ទីរសុខាភិបាលខេត្ត និងក្រុមគ្រូពេទ្យទាំងអស់ ដែលបាននិងកំពុងតែខិតខំជួយថែទាំអ្នកជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង ដោយយកចិត្តទុកដាក់ និងបង្ការមិនឲ្យមានការឆ្លងដល់អ្នកជំងឺផ្សេងក្នុងមន្ទីរពេទ្យ ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )