ជិតដល់ថ្ងៃរៀបការត្រូវរថយន្តបុកស្លាប់ទាំងពីរភ្លាមៗ និងអ្នករួមដំណើររបួសធ្ងន់ម្នាក់នៅស្រុកចន្ទ្រា
ស្វាយរៀង៖ គូរដណ្តឹងមួយគូរត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅនឹងកន្លែង និងអ្នករួមដំណើរងរបួសធ្ងន់ម្នាក់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយ រវាងរថយន្តនិងម៉ូតូដែលហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧ និង០៤នាទីល្ងាច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នៅលើផ្លូវ 3SVR1 ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
សមត្ថកិច្ចបានឱ្យដឹងថាមានកណីគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ 3SVR1 ស្ថិតនៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្រ្ទាខេត្តស្វាយរៀង រវាងរថយន្តដឹកកម្មករ និង ម៉ូតូ បើកបរស្របទិសគ្នាពីជើងទៅត្បូង បណ្តាលឱ្យមនុស្សស្លាប់០២ នាក់ (ប្រុស០១នាក់) និងរងរបួសធ្ងន់ ០១ នាក់ (ស្រី) ដែលមានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ សួន បូរី ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ស្លាប់)។
ទី ២-ឈ្មោះ ឡាញ់ ផាន្នី ភេទស្រី អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (ស្លាប់) ។
ទី ៣-ឈ្មោះ ម៉ាក់ សុភា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង (របួសធ្ងន់) ។
ប្រភពដដែលបានបន្តថាៈមូលហេតុ ដែលបង្កឱ្យមានគ្រោះថ្នាក់ខាងលើនេះគឺបណ្តាលមកពីរថយន្តបើកបរល្បឿនលឿន រួចក៏បុកម៉ូតូពីក្រោយតែម្តង ។
បច្ចុប្បន្នសាកសពសមត្ថកិច្ចបានប្រគល់ទៅឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ អ្នករងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជីភ។ មធ្យោបាយធ្វើដំណើរយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា។ ចំពោះជនបង្ករត់គេចខ្លួនបាត់ ។
សូមបញ្ជាក់ថាបុរសនិងស្ត្រីដែលស្លាប់ខាងលើគឺជិតដល់ថ្ងៃរៀបការទៅហើយតែបែរជាអកុសល្យស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បែបនេះសោះ សូមប្រុងប្រយត្ន័បើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕