ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ
រដ្ឋបាលខេត្តព្រៃវែងបានបង្ហាញអត្តសញ្ញាណករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់បន្ថែមទៀតតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅថ្ងៃទី៨មិថុនាឆ្នាំ២០២១។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំងនោះ មានក្នុងស្រុកចំនួន៧ គឺស្រុកបាភ្នំ ចំនួន៧នាក់, ស្រុកពាមជរ ចំនួន ៤នាក់, ស្រុកមេសាង ចំនួន ៣នាក់, ស្រុកពាមរក៍ ម្នាក់, ស្រុកព្រះសេ្តចម្នាក់, ស្រុកពោធិ៍រៀងម្នាក់, ស្រុកពារាំងម្នាក់ និង ទៅខេត្តកណ្ដាលម្នាក់។
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។ ក្នុងនោះដែរ រដ្ឋបាលខេត្តព្រៃវែង បានអំពាវនាវដល់អ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ និងដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ ៣កុំ)។
គិតមកដល់ថ្ងៃទី៨មិថុនាឆ្នាំ២០២១ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៧៤២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣១៣នាក់ មានអ្នកស្លាប់ចំនួន៨នាក់ និងនៅសល់៤២១នាក់កំពុងទទួលការព្យាបាល។

