បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយវិធានការការពារនិងទប់ស្កាត់ជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid19
កំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសុខាភិបាល សេចក្ដីប្រកាសបិទក្លឹបកំសាន្ត ខារាអូខេ រោងភាពយន្ត សារមន្ទីរ ការជួបជុំប្រគំតន្ត្រី នៅតាមទីសាធារណៈ និងជួបជុំបែបសាសនាផ្សេងៗ នៅទូទាំងប្រទេសដើម្បីជៀសវាងការឆ្លងរីករាលដាលនូវជំងឺប្រភេទថ្មីនេះដល់ប្រជាជនកម្ពុជាយើង ។
ការិយាល័យទី៥ កងទ័ពជើងគោកនិងការិយាល័យទី៥ យោធភូមិភាគទី៤ ចេញសេចក្ដីជូនដំណឹងដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័ននានាចំណុះឲ្យយោធភូមិភាគទី៤ ចាត់តាំងផ្សព្វផ្សាយវិធានការការពារនិងទប់ស្កាត់ជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid19 នេះជូនដល់យោធិនគ្រប់រូបនឹងក្រុមគ្រួសារ ដើម្បីថែរក្សាសុខភាព អនាម័យជៀសវាងការឆ្លងរីករាលដាកនូវជំងឺនេះផងដែរ។
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយវិធានការការពារនិងទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី Covid19នេះ ដែលមានសមាសសភាពយោធិននិងគ្រួសារយោធិនជាង២០០នាក់ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង លោក ជំទាវ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លើពិភពលោកប្រទេសចំនួន ១៥៨ ដែលបានឆ្លងជម្ងឺCovid19 អ្នកផ្ទុកមេរោគចំនួនជាង ១៨០,០០០ នាក់ ស្លាប់ ៧,១០០ នាក់ ព្យាបាលជាសះស្បើយចំនួន ៧៧,៧៩២ នាក់ ។
បច្ចុប្បន្ននៅកម្ពុជាយើង ខេត្ត ចំនួន១២ មានប្រជាពលរដ្ឋឆ្លងជំងឺនេះ ចំនួន ៣៣ នាក់ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណូមពរដល់យនិងក្រុមគ្រួសារ ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការថែរក្សាអនាម័យ សំអាតដៃដោយអាកុលនិងសាប៊ូ បើមានករណីសង្ស័យត្រូវទាក់ទងទៅលេខទូរស័ព្ទរបស់ក្រសួងសុខាភិបាលបានកំណត់ ឬទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ។
ឯកឧត្ដម សោម ស៊ុន បានសំណូមពរយោធិននិងគ្រួសារ មិនត្រូវភ័យខ្លាចហួសហេតុពេក និងមិនត្រូវជឿ លើពត៌មានមិនពិតដែលបំផុស បំផុលបំពុលសង្គមនោះឡើយ លោកអនុសេនីយ៍ឯកយា ប៊ុនលាង នាយរង ផ្នែកសុខាភិបាល លោក វរសនីយ៍ ត្រី លី ស៊ីណា និងលោកស្រី វរសនីយ៍ត្រី អ៊ុត លក្ខិណា នាយរង ផ្នែកគិលានដ្ឋាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើបទបញ្ហាញអំពីការវិភាគរោគសញ្ញានិងវិធានការការពារទប់ស្កាត់នៃជំងឺផ្លូវដង្ហើមកូវីដ១៩ របស់ក្រសួងសុខាភិបាលជូនដល់សមាជិកអង្គពិធីបានជ្រួតជ្រាបផងដែរ ។
សូមបញ្ជាក់ថា មុនពេលចូលក្នុងកម្មវិធីនេះឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចាត់តាំងមន្ត្រីសុខាភិបាលនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ធ្វើ ការវាស់ស្ទង់កំដៅតាមឧប្បករណ៍ ពេទ្យ នៅក្នុងខ្លួនរបស់យោធិន និងគ្រួសារម្នាក់ៗព្រមទាំងលាងសម្អាតដៃដោយអាកុលមុនពេលចូលរួមប្រារព្ធពិធីនេះផងដែរ។ ដោយ ប៊ុន រដ្ឋា