ចាក់សម្លាប់បុរសជាសន្តិសុខឯកជន នៅកណ្ដាលក្រុងភ្នំពេញ ទាំងព្រឹក
ភ្នំពេញ៖ បើយោងតាមសេចក្ដីរាយ ការណ៍បឋមបានប្រាប់ឲ្យដឹងថា មានករណីឃាតកម្មចាក់សម្លាប់បុរសម្នាក់ជាសន្តិសុខឯកជន នៅចំណុចផ្លូវមុនីរ៉េត សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាល ពីវេលាម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បង្កឲ្យមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ប្រភពព័ត៌មាននៅពីកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា សពជនរងគ្រោះឈ្មោះ ប៊ុន សុខចំរើន អាយុ ៣៧ឆ្នាំមុខរបរសន្តិសុខ ស្នាក់នៅភូមិព្រែកទល់សង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញ។ដោយឡែកជនដៃដល់បន្ទាប់ធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់ ។

ប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីបន្ទប់ទឹកមកបំរុងនិងអង្គុយយាមនៅមុខធនាគារភ្នំពេញពាណិជ្ជ ស្រាប់តែលេចមុខឃាតករមិនស្គាល់អត្តសញ្ញាណប្រដាប់ដោយកូនកាំបិតចិតបន្លែរបានដើរទៅក្បែរជនរងគ្រោះដកកាំបិតចាក់ជនរងគ្រោះបណ្តាលឲ្យដួលដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។
ប្រភពដដែលបានបន្ដថា ពាក់ព័ន្ធករណីឃាតកម្មខាងលើនេះសមត្ថកិច្ចមិនទាន់សន្និដ្ឋានថា ជាករណីជម្លោះបង្ករបួសស្នាម ឬ ហិង្សាគំនុំគំគួននៅឡើយទេ ភ្លាមៗគេឃើញលោក សុង លី ស្នងការរង នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកអធិការខណ្ឌបឹងកេងកង ចុះដល់កន្លែងកើត ហេតុ ប្រមូលភស្តុតាងហ៊ុព័ទ្ធ សួរសាក្សី ដើម្បីកំណត់មុខសញ្ញាជនដៃដល់ ។
ចំពោះសាកសពជនរងគ្រោះត្រូវបានដឹកយកមកតម្កល់នៅវត្ដស្ទឹងមានជ័យ ដើម្បីកោសល្យវិច្ឆ័យ និងធ្វើកំណត់ហេតុប្រគល់សាកសពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕




