អង្គការសុខភាពពិភពលោក WHO អំពាវនាវគ្រប់ប្រទេសទាំងអស់រួមគ្នាប្រយុទ្ធជាមួយសត្រូវប្រឆាំងនឹងមនុស្សជាតិ COVID-19
អត្ថបទដោយ៖
Kien Sereyvuth
ស្វីស៖ ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ប្រធានអង្គការសុខភាពពិភពលោក លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស បានហៅមេរោគ COVID-19 ថា ជាសត្រូវប្រឆាំងមនុស្សជាតិ និង អំពាវនាវឱ្យបណ្តាប្រទេសនៅគ្រប់តំបន់ចាំបាច់ត្រូវរួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធនឹងសត្រូវរួមនេះនេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ។

ទន្ទឹមគ្នា លោក ថេដ្រូស អាដាណម ហ្គេប្រេយែសឹស ក៏បានព្រមានដែរថា ស្ថានការណ៍នឹងអាចផ្លាស់ប្តូរយ៉ាងឆាប់រហ័សបំផុត ដែលតម្រូវឲ្យគ្រប់គ្នាត្រៀមខ្លួនទុកជាមុន ដើម្បីរឿងរ៉ាវអាក្រក់ដែលនឹងកើតឡើង ។

ប្រធានអង្គការសុខភាពពិភពលោករូបនេះ បានសង្កត់ធ្ងន់ទៀតថា នៅតំបន់អាហ្វ្រិកមានការឆ្លងជំងឺ COVID-19 តិចតួចនៅឡើយ ហេតុដូច្នេះដំបូន្មានដ៏ល្អបំផុតនាពេលនេះ គឺបណ្តាប្រទេសអាហ្វ្រិកត្រូវតែត្រៀមខ្លួន សម្រាប់់ស្ថានការណ៍អាក្រក់ភ្លាមៗចាប់ពីថ្ងៃនេះតទៅ ៕



