សហរដ្ឋអាមេរិក និង កាណាដាព្រមព្រៀងបិទព្រំដែនជាបណ្តោះអាសន្ន ខណៈវីរុស COVID-19 សម្លាប់ពលរដ្ឋអាមេរិកកើនដល់១៤៩នាក់ និងឆ្លង៨.៧៣៦នាក់
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាមេរិក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរចេញផ្សាយនៅថ្ងៃទី១៩ ខែមីនានេះថា សហរដ្ឋអាមេរិក និង កាណាដាឯកភាពគ្នាថា នឹងបិទព្រំដែន សម្រាប់ការធ្វើចរាចរណ៍ដែលមិនសូវមានភាពចាំបាច់ខ្លាំងជាបណ្តោះអាសន្នសិន នេះបើតាមការប្រកាសរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។

ជាមួយគ្នានេះ លោក ដូណាល់ ត្រាំ បានថ្លែងថា រូបលោកបានជជែកគ្នាជាមួយនាយករដ្ឋមន្រ្តីកាណាដាលោក ចាស្ទីន ទ្រូដូ ហើយមេដឹកនាំទាំងពីរមានការយល់ឃើញដូចគ្នាថា ការធ្វើបែបនេះ គឺល្អសម្រាប់ប្រទេសទាំងពីរ ដោយយោងទៅលើស្ថានភាពលំបាកនាពេលបច្ចុប្បន្ន ។

គួរបញ្ជាក់ថា ការសម្រេចនឹងបិទព្រំដែនរវាងប្រទេសទាំងពីរ ត្រូវបានធ្វើឡើងស្របពេលដែលចំនួនអ្នកឆ្លងវីរុស COVID-19 នៅទូទាំងសហរដ្ឋអាមេរិក បានកើនឡើងដល់ ៨.៧៣៦ករណី ក្នុងនោះអ្នកជំងឺ១៤៩នាក់បានស្លាប់ នេះបើតាមមជ្ឈមណ្ឌលអាមេរិកសម្រាប់បង្ការ និងគ្រប់គ្រងជំងឺឆ្លង CDC ៕



