រដ្ឋបាលខេត្តរតនគិរី បើកសន្និបាតប្រចាំឆ្នាំ ដើម្បីស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយ ហើយឈានឆ្ពោះទៅដោះស្រាយ បញ្ហាប្រឈមនានានៅក្នុងឆ្នាំចាស់ និងធ្វើអោយសម្រេចបានទិសដៅជាអាទិភាព នៅក្នុងឆ្នាំថ្មីនេះ!

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តរតនគិរី៖ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ នាថ្ងៃទី១៨មីនាម្សិលមិញនោះ បានធ្វើឡើងក្រោមការបង្ហាញវត្តមាន ពីអភិបាលខេត្តរតនគិរី លោក ថង សាវុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ណាប់ ប៊ុនហេង និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៩ មេឃុំ-ចៅសង្កាត់ទាំង៥០ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល ប្រមាណជាង ២០០នាក់ នៅសាលាខេត្តរតនគិរី។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍ថា ការបើកសន្និបាតនៅក្នុងថ្ងៃនេះ គឺមានគោលបំណងផ្សព្វផ្សាយពីសមិទ្ធផល និងលទ្ឋផលនានា ពីការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្ត ធៀបទៅនឹងផែនកាប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះបញ្ចាំង ពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈមនានា ដែលបានជួបប្រទះនាឆ្នាំកន្លងមក និងពិភាក្សាដាក់ចេញ នូវទិសដៅជាអាទិភាពនានា សម្រាប់បន្តអនុវត្តនៅ ក្នុងឆ្នាំ២០២០នេះ សំដៅឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឲ្យកាន់តែប្រសើរឡើង។

លោក ថង សាវុន បានថ្លែង កោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តគ្រប់ថ្នាក់ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ព្រមទាំងដៃគូរអភិវឌ្ឍន៍នានាដែលបានខិតខំបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ ធ្វើឲ្យរដ្ឋបាលខេត្តរតនគិរី សម្រេចបានបេសកកម្ម និងសមិទ្ធផលការងារសំខាន់ៗរបស់ខ្លួនជាច្រើន ដែលបានរួមចំណែកធ្វើអោយ រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភាជាតិ អនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា ស្ថានភាពបច្ចុប្បន្ននេះ គឺមានការរីករាលដាលមេរោគសកល កូរ៉ូណាវីរុស « Covid-19 » បណ្តាលឲ្យមនុស្សឈឺ និងស្លាប់ជាច្រើននាក់ នៅក្នុងពិភពលោក។ លោកបានបញ្ជាក់ថា បើទោះជាស្ថិតនៅក្នុងស្ថានភាពបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំ ក្នុងការចាត់វិធានការបង្ការ ទប់ស្កាត់ ប្រយុទ្ធនឹងមេរោគ Covid-19 ឲ្យមានប្រសិទ្ធភាពខ្ពស់ និងមានស្មារតីមនុស្សធម៌ ដោយមិនមានការរើសអើង ជនជាតិ និងសាសនានោះឡើយ។ លោកថា ខេត្តរតនគិរី នៅក្នុងដំណាក់កាលនេះ បាន និងកំពុងយកចិត្តទុកដាក់ ចូលរួមចំណែកយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាល ក្នុងការប្តេជ្ញាបង្ការ ទប់ស្កាត់នឹងការរីករាលដាល Covid-19នេះ។

លោកថា រដ្ឋបាលខេត្ត បានដាក់ចេញ នូវវិធានការផ្សព្វផ្សាយព័ត៌មាន ជូនដល់ប្រជាពលរដ្ឋគ្រប់ជនជាតិ អង្គភាព ស្ថាប័នរដ្ឋ និងវិស័យឯកជន បានយ៉ាងទូលំទូលាយ ដើម្បីឲ្យមានភាពម្ចាស់ការសម្អាត អនាម័យបរិស្ថាន ជុំវិញភូមិដ្ឋាន មន្ទីរ អង្គភាព សហគ្រាស រោងចក្រ និងសិប្បកម្ម។ លោកអភិបាលខេត្ត បានអំពាវនាវដល់មន្ត្រីជំនាញ អោយបន្តការផ្សព្វផ្សាយ និងណែនាំដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កសិករ  និងប្រជាពលរដ្ឋគ្រប់ថ្នាក់ និងគ្រប់មូលដ្ឋានរស់នៅ ត្រូវសម្អាតខ្លួនប្រាណ ត្រូវលាងដៃឲ្យបានស្អាតជាប្រចាំ ទាំងមុន និងក្រោយពេលកាន់វត្ថុនានា ពិសេស ត្រូវបរិភោគចំណីអាហារ ចំអិនឲ្យបានឆ្អិតល្អ ដើម្បីបង្ការជម្ងឺនានា និងមេរោគCovid-19 ហើយមិនត្រូវជឿលើការផ្សាយព័ត៌មានក្លែងក្លាយមួយចំនួន ដែលនាំឲ្យបាត់បង់ភាពម្ចាស់ការ ចលាចល និងប៉ះពាល់ដល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវពង្រឹងការត្រួតពិនិត្យឲ្យបានម៉ត់ចត់ ដោយក្រុមគ្រូពេទ្យ ត្រួតពិនិត្យសុខភាព និង បាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយយានយន្តគ្រប់ប្រភេទ ដែលចេញចូល នៅក្នុងខេត្តរតនគិរី អោយបានជាប្រចាំ៕ដោយ៖ ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner