លោក ដូណាល់ ត្រាំ អំពាវនាវឱ្យមានការរួបរួមជាតិ ដើម្បីប្រឆាំងនឹងវីរុសCOVID-19 ខណៈវីរុសនេះរាតត្បាតដល់បណ្តារដ្ឋទាំង៥០របស់សហរដ្ឋអាម៉េរិក

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានទទូចឱ្យមានការរួបរួមជាតិ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងពីជម្ងឺឆ្លង COVID-19 ខណៈដែលមេរោគផ្លូវដង្ហើមថ្មីនេះបានរាតត្បាតដល់បណ្តារដ្ឋទាំង៥០ របស់សហរដ្ឋអាម៉េរិកហើយ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

ការអំពាវនាវរបស់លោក ដូណាល់ ត្រាំ ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិកលោក ស្ទេវិន ម៉ានូឈីន បានថ្លែងថា សេតវិមានបានបង្ហាញផែនការជម្រុញសេដ្ឋកិច្ចយ៉ាងធំសម្បើមមួយទៅកាន់សភា ហើយបាននឹងកំពុងសម្លឹងមើលការបញ្ជូនការទូទាត់ដោយផ្ទាល់ ទៅឱ្យប្រជាជនអាម៉េរិកទាំងអស់ ក៏ដូចជាផ្តល់ជំនួយដល់ក្រុមហ៊ុនអាកាសចរណ៍ដែលជាប់គាំង ។

សូមជម្រាបថា បើតាមតួលេខចុងក្រោយ សហរដ្ឋអាម៉េរិកមានអ្នកឆ្លងវីរុស COVID-19 បានកើនឡើងជិត៦ពាន់នាក់ ដោយក្នុងនោះអ្នកជំងឺ១០៥នាក់បានស្លាប់ ខណៈអ្នកឆ្លងវីរុសនៅទូទាំងសកលលោកបានកើនឡើងជិត២០ម៉ឺននាក់ ហើយក្នុងនោះជិត៨ពាន់នាក់បានបាត់បង់ជីវិត ដោយសារជំងឺរាតត្បាតសកលមួយនេះ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner