នៅកូរ៉េខាងត្បូង អ្នកឆ្លងវីរុស COVID-19 កើនឡើងចំនួន៩៣ករណីទៀត ធ្វើឡើងចំនួនអ្នកឆ្លងសរុបកើនដល់៨.៤១៣ករណី
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងថ្មីនៃវីរុស COVID-19 ចំនួន៩៣នាក់បន្ថែមទៀតនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ដែលនេះជាការរក្សានិន្នាការធ្លាក់ចុះនៅក្នុងការឆ្លងមេរោគប្រចាំថ្ងៃ ប៉ុន្តែការព្រួយបារម្ភអំពីការផ្ទុះឡើងថ្មីជាលក្ខណៈចង្កោមតួចៗនៅតែបន្តកើនមាន នេះបើតាមសារព័ត៌ មាន CNA ។

បើតាមមជ្ឈមណ្ឌលកូរ៉េសម្រាប់ការគ្រប់គ្រង និងបង្ការជំងឺ KCDC តួលេខថ្មីខាងលើនេះ បានធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងវីរុស COVID-19 នៅទូទាំងប្រទេសកូរ៉េខាងត្បូងបន្តកើនឡើងដល់៨.៤១៣ករណី ក្នុងនោះមានអ្នកជម្ងឺបាត់បង់ជីវិតរហូតដល់៨៤នាក់ ខណៈអ្នកជម្ងឺច្រើនជាង១.៤០០នាក់ផ្សេងទៀតបានជាសះស្បើយឡើងវិញ ។

ទន្ទឹមគ្នា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន បានថ្លែងថា រូបលោកមានជំនឿចិត្តខ្ពស់ថា កូរ៉េខាងត្បូងនឹងអាចយកឈ្នះលើមេរោគ COVID-19 បាននាពេលដ៏ខ្លីខាងមុខ ខណៈអត្រានៃករណីឆ្លងថ្មីនៅតែបន្តធ្លាក់ចុះ ៕



