ផ្លូវកៅស៊ូប្រវែង ១២គីឡូម៉ែត្រ នៅក្នុងឃុំពេជចង្វា ស្រុកបរិបូណ៌ កសាងដោយក្រសួងអភិវឌ្ឍន៍ជនបទបានរួចរាល់ហើយ
កំពង់ឆ្នាំង ៖ ផ្លូវគ្រួសក្រហមប្រវែង ១២ គីឡូម៉ែត្រ នៅក្នុងឃុំពេជចង្វាស្រុកបរិបូណ៌ បានកសាងជាផ្លូវកៅស៊ូរួចរាល់ហើយ ដោយក្រសួងអភិវឌ្ឍន៍ជនបទធ្វើឲ្យប្រជាពលរដ្ឋជាង ១ពាន់គ្រួសារនៅក្នុងឃុំពេជ្យចង្វា រីករាយសប្បាយចិត្តគ្រប់គ្នា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានជួយកសាងផ្លូវមួយខ្សែនេះឡើង ។
លោក ជា វ៉ិច មេឃុំពេជ្រចង្វា នៅព្រឹកថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០២១ នេះបានឲ្យដឹងថា ផ្លូវមួយខ្សែនេះពីមុនមកជាផ្លូវគ្រួសក្រហមមានក្រលុកជាច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋនិង សិស្សានុសិស្ស ជួបការលំបាកយ៉ាងខ្លាំងក្នុងការជិះម៉ូតូទៅរៀននៅវិទ្យាល័យ ក្នុងទីរួមស្រុកបរិបូណ៌ ក៏ដូចជាការដឹកជញ្ជូនកសិផលនានា ពីមូលដ្ឋានទៅកាន់ទីផ្សារ ។ ចំណែកអ្នកជំងឺឈឺស្កាត់ និងស្ត្រីដែលមានផ្ទៃពោះត្រូវសម្រាលកូនគាត់ជួបផលលំបាកយ៉ាងខ្លាំងផងដែរ ។
លោកមេឃុំបានបន្តថា ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋា ភិបាលកម្ពុជាដែលមានសម្ដេចអគ្គតេជោហ៊ុនសែនជាប្រមុខ ក្រសួងអភិវឌ្ឍន៍ជនបទ នៅក្នុងឆ្នាំ២០១៨ បានជួយកសាងផ្លូវមួយខ្សែនេះក្លាយទៅជាផ្លូវកៅស៊ូយ៉ាងល្អស្អាតមានគុណភាពរឹងមាំ គឺទើបនិងកសាងរួចរាល់ជាស្ថាពរនៅដើមខែមិថុនា ឆ្នាំ២០២១នេះ ។
ក្នុងនាមអាជ្ញាធរឃុំតំណាងឱ្យ បងប្អូនប្រជាពលរដ្ឋក្នុងឃុំដែលមាន ៤ភូមិមានចំនួន ១១០៥គ្រួសារ ស្មើនិង ៤២១៦នាក់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋា ភិបាល និងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលបានយកចិត្តទុកដាក់ជួយកសាងផ្លូវខាងលើនេះជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំពេជ្យចង្វារ បានធ្វើដំណើរយ៉ាង ងាយស្រួលមិនលំបាកដូចមុនទៀតឡើយ ។
លោក អ៊ុក សុខ អាយុ ៦៧ឆ្នាំ ជាជនពិការភាព បាននិយាយថា ផ្លូវមួយខ្សែនេះពីមុនមកជាផ្លូវលំគ្រួសក្រហមមានក្រលុកជាច្រើន ដែលកន្លែងខ្លះបានក្លាយទៅជាថ្លុកត្រពាំងទៅហើយ ធ្វើអោយប្រជាពលរដ្ឋពិបាកក្នុងការធ្វើដំណើរយ៉ាងខ្លាំង ដោយប្រើរយៈពេលច្រើនម៉ោងទើបដល់ទីប្រជុំជន ស្រុកបរិបូណ៌ ប៉ុន្តែពេល នេះប្រជាពលរដ្ឋលែងលំបាកទៀតហើយ ។ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងអភិវឌ្ឍន៍ជនបទដែលបានជួយកសាងផ្លូវកៅស៊ូមួយខ្សែប្រវែង ១២ គីឡូម៉ែត្រនេះ ។
ចំណែក បុរស និងស្ត្រី ពីរនាក់ផ្សេងទៀតជាប្រជាពលរដ្ឋរស់នៅក្នុងឃុំពេជ្យចង្វាក៏មានទឹកចិត្តសប្បាយរីករាយមិនខុសពីបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំទាំងអស់ដែរ ដោយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទដែលបានជួយកសាងផ្លូវកៅស៊ូមួយខ្សែនេះដែលអាចធ្វើចរាចរណ៍បានយ៉ាងងាយស្រួល គឺមានផ្លូវពិតជាមានក្តីសង្ឃឹម ហើយជីវភាពបងប្អូនប្រជាពលរដ្ឋពិតជាជីវភាពធូរធារ ជាងមុន៕ សុខ គឹមសៀន