អាជ្ញាធរ និងមន្រ្តីជំនាញ អញ្ជើញពិនិត្យទីតាំងក្នុងរោងចក្រពូចិន ពាក់ព័ន្ធករណីកម្មករ កម្មការិនី មានវិជ្ជមានជំងឺកូវីដ-១៩
កាលពីថ្ងៃអាទិត្យទី១៣ ខែមិថុនា ឆ្នាំ២០២១ លោក អូន ខន អភិបាលស្រុកកំពង់ត្រាច រួម ដំណើរដោយលោកអភិបាលរងស្រុក មន្ត្រីជំនាញពាក់ព័ន្ធ និងប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ព្រមទាំងតំណាងមន្ទីរសុខាភិបាលខេត្តកំពត បានចុះពិនិត្យទីតាំងក្នុងរោងចក្រពូចិន ឃុំកំពង់ត្រាចខាងលិច ពាក់ព័ន្ធករណីកម្មករ កម្មការិនី ក្នុងរោងចក្រមានវិជ្ជមានជំងឺកូវីដ១៩។
ក្នុងនោះក្រុមការងារបានប្រជុំពិភាក្សាគ្នា ដើម្បីកំណត់យកទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ និងដាក់វិធានការបន្ថែមដើម្បីកាត់ផ្តាច់ការចម្លងរីករាលដាលនៅក្នុងទីតាំងរោងចក្រ។
បន្ទាប់មកនៅពេលរសៀលនាថ្ងៃនេះដែរ លោក អូន ខន អភិបាលស្រុក ក៍ បានដឹកនាំក្រុមការងារឆ្លើយតបបន្ទាន់ស្រុក និងតំណាងរោងចក្រពូចិន បន្តចុះពិនិត្យទីតាំងនៅមណ្ឌលវិទ្យាល័យសម្ដេចហ៊ុន សែន អង្គសុរភី ឃុំអង្គសុរភី សម្រាប់ត្រៀមរៀបចំជាកន្លែងព្យាបាលអ្នកជំងឺកូវីដ១៩ ដែលជាកម្មករ កម្មការិនីមកពីរោងចក្រពូចិន ក្នុងនោះដែរ ក្រុមការងារបានទទួលប៉ៅអុីបត់ ចំនួន១០០ ជាអំណោយដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ផ្តល់ជូននៅក្នុងមណ្ឌលវិទ្យាល័យមួយនេះ ទុកសម្រាប់អ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលជំងឺ ៕