សមត្ថកិច្ចស្រុកកែវសីមា ចាប់ឡានដឹកឈើខុសច្បាប់មួយគ្រឿងរបស់នាយកដ្ឋានវិស្វកម្ម ស្ថាបនាស្ពានឃុំមេម៉ង់
មណ្ឌលគិរី៖ រថយន្តមួយគ្រឿងដែលមានបិទឡូហ្គោនាយកដ្ឋានវិស្វកម្មក្រសួងកាពារជាតិ ដែលលួចដឹកឈើច្រើនគូប តម្លៃច្រើនលានរៀល ត្រូវសមត្ថកិច្ចស្រុកកែវសីមាចាប់ យកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើកែវសីមាកាលពីយប់ថ្ងៃទី១៧មីនាចំណុចស្ពានអូរណា ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបញ្ជាក់ថាក្រុមសមត្ថកិច្ចដែលហ៊ានចាប់ឡានក្រសួងកាពារជាតិនេះមានអាវុធហត្ថខេត្តមណ្ឌលគិរី និងស្រុកកែវសីមា ចំនួន៣នាក់ រថយន្តមួយគ្រឿង ដឹកនាំដោយលោក វ/ត្រី ប៉ៃ លិន សហការជាមួយផ្នែករដ្ឋបាលព្រៃឈេីកែវសីមា អធិការមេគង្គ និង ក្រុមការងារជំនួយការព្រះរាជអាជ្ញា។

សមត្ថកិច្ចបន្តថារថយន្តល្មើសជារថយន្តសណ្តោងរុឺម៉ក ម៉ាកវ៉ុលវ៉ូ ពណ៌ត្រេអុី ពាក់ស្លាកលេខខម3-0458 ដឹកឈើប្រភេទមផ្ចឹក ស្រឡៅឈើទាលចំនួនជិត១០ម៉ែត្រគូប ចេញពីឃុំមេម៉ង់ ស្រុកកែវសីមា ដោយតៃកុង និងព្រូបានរត់គេចបាត់ នៅពុំអាចស្វែងរកការបញ្ជាក់ពីប្រធានក្រុមស្ថាបនាស្ពានមេម៉ង់ របស់នាយកដ្ឋានវិស្វកម្មនៅឡើយនាព្រឹកថ្ងៃដដែលនេះ៕ ដោយ៖ សាត ចាន់បុត្រ
